ភ្នំពេញ ៖ លោក គង់ គាំ អតីតឧត្តមទីប្រឹក្សាជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ និង លោកគង់ បូរ៉ា អតីតសមាជិកគណៈកម្មាធិការកណ្ដាល និងជាតំណាងរាស្ត្រមណ្ឌលព្រៃវែងអតីតគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១៥ ខៃមករា នេះ ត្រូវបានព្រះមហាក្សត្រផ្តល់នីតិសម្បទាឱ្យធ្វើនយោបាយឡើងវិញជាផ្លូវការ ។
តាមព្រះរាជក្រឹត្យចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ និងទើបផ្សព្វផ្សាយនៅព្រឹកនេះ បង្ហាញថា ព្រះមហាក្សត្រផ្តល់នីតិសម្បទាឡើងវិញ ឱ្យលោកគង់ គាំ និង លោក គង់ បូរ៉ា ដែលត្រូវបានហាមឃាត់មិនឲ្យធ្វើសកម្មភាពនយោបាយសម្រាប់រយៈពេល៥ឆ្នាំ តាមអំណាចសាលដីការបស់តុលាការកំពូល កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ។
លោកគង់គាំនិងលោក គង់ បូរ៉ា គឺជាអតីតអ្នកនយោបាយក្នុងចំណោមអ្នកនយោបាយចំនួន១១៨រូបនៃអតីគណបក្សសង្គ្រោះជាតិដែលត្រូវបានដាក់ឲ្យស្ថិតនីក្នុងបំរាមមិនឲ្យធ្វើនយោបាយ ។
សូមជម្រាបថា លោក គង់ គាំ អតីតឧត្តមទីប្រឹក្សាជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ និង លោក គង់ បូរ៉ា អតីតសមាជិកគណៈកម្មាធិការនាយក និងជាតំណាងរាស្ដ្រមណ្ឌលព្រៃវែងរបស់គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី៩ មករា ឆ្នាំ២០១៩ បានធ្វើលិខិតជូន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាពិនិត្យ និងស្នើសុំដើម្បីសម្ដេចនាយករដ្ឋមន្ត្រីបន្តទូលថ្វាយព្រះមហាក្សត្រ ឲ្យទទួលនីតិសម្បទាធ្វើនយោបាយឡើងវិញ មុនកាលកំណត់របស់សាលដីកាតុលាការកំពូល៕