កិច្ចប្រជុំសភាអាស៊ិ ប៉ាស៊ីហ្វិក ជិត៣០ប្រទេសកំពុងដំណើរការនៅក្រុងសៀមរាប
សៀមរាប ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី២៧ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ ប្រតិបត្តិនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខាសៀមរាប។
កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីសម្រេច ការងារសំខាន់ៗមួយចំនួនរបស់វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលហៅកាត់ថា APPF ពិសេសរបៀបវារៈសម្រាប់កិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ APPF ដែលនឹងប្រារព្ធពិធីបើកជាផ្លូវការនៅថ្ងៃទី១៥ ខែមករា ស្អែកនេះ។
វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ជាបណ្តុំស្ថាប័ននីតិប្បញ្ញត្តិមួយ ដែលបង្កើតឡើងក្នុងគោលបំណងជំរុញសុខសន្តិភាព និងការអភិវឌ្ឍដោយចីរភាព។សូមបញ្ជាក់ថា APPF បានបង្កើតនៅឆ្នាំ១៩៩៣ នៅក្នុងប្រទេសជប៉ុន។ បច្ចុប្បន្ន APPF មានសមាជិកចំនួន ២៧ប្រទេស៕