ភ្នំពេញ ៖ មន្ទីរពេទ្យជោរៃ ភ្នំពេញ នៅតែបន្តផ្ដល់សេវាពិនិត្យព្យាបាល និងផ្ដល់ថ្នាំពេទ្យ ដោយឥតគិតថ្លៃដល់អ្នកជំងឺនូវប្រភេទជំងឺមួយចំនួន ដែលសកម្មភាពនេះ ក៏មានការសហការជាមួយបណ្ដាក្រុមហ៊ុនឱសថមួយចំនួន នៅក្នុងប្រទេសកម្ពុជា ។ ជាក់ស្ដែងកាលពីថ្ងៃតី១៧ ខែមករា ឆ្នាំ២០១៩ ម្សិលមិញនេះ មន្ទីរពេទ្យនេះ ក៏បានផ្ដល់សេវាពិនិត្យ និងព្យាបាល ដោយឥតគិតថ្លៃដល់អ្នកជំងឺ ដោយសហការជាមួយក្រុមហ៊ុនឱសថ DHG Phama ។
នៅក្នុងពិធីបិទវគ្គ នៃកម្មវិធីសប្បុរសធម៌របស់ក្រុមហ៊ុនឱសថ DHG Phama ជាមួយនិងមន្ទីរពេទ្យជោរៃភ្នំពេញ ក្នុងការពិនិត្យ និងព្យាបាលអ្នកជំងឺជាង១ពាន់នាក់ លោកវេជ្ជបណ្ឌិត ត្រាន់ ថាញ់ទុង អគ្គនាយកមន្ទីរពេទ្យជោរៃភ្នំពេញបានមានប្រសាសន៍ថា មន្ទីរពេទ្យជោរៃ នៅតែបន្តធ្វើសកម្មភាពមនុស្សធម៌ដល់អ្នកជំងឺក្រីក្រ នៅក្នុងប្រទេសដើម្បីជួយសម្រួល ជីវភាពអ្នកជំងឺ ដែលមិនមានលទ្ធភាពស្វែងរកសេវាព្យាបាល ។
លោកវេជ្ជបណ្ឌិត បានបន្តថា នៅឆ្នាំ២០១៨ កន្លងទៅនេះ មន្ទីរពេទ្យជោរៃភ្នំពេញ និងក្រុមហ៊ុនឱសថ DHG Phama បានទទួលពិនិត្យជំងឺ និងផ្តល់ថ្នាំដោយឥតគិតថ្លៃ ជូនអ្នកជំងឺបានរហូតដល់ទៅ ១,២២៧នាក់ បើប្រៀបពីឆ្នាំ ២០១៧ មានការកើនឡើងប្រមាណ ១៨ភាគរយ ហើយសម្រាប់ជំងឺវះកាត់វិញ គឺមានការកើនឡើងជាងឆ្នាំ២០១៧ រហូតដល់ទៅ៤៨ភាគរយ ខណៈផ្នែកថែទាំសុខភាពជូនអ្នកជំងឺវិញគឺមានការកើនឡើង ច្រើនដែរ ។
លោកបន្ថែមថា នៅឆ្នាំ២០១៨ កិច្ចសហការរវាងមន្ទីរពេទ្យជោរៃភ្នំពេញ និង DHG Phama បានធ្វើឲ្យអ្នកជំងឺទាំងអស់ដែលមកពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃរយៈពេល១ឆ្នាំពេញគឺមិនមានការខ្វះខាតប្រភេទថ្នាំ និងសម្ភារៈបច្ចេកទេសណាមួយនោះទេ ពោលទៅវិញគឺមានការគ្រប់គ្រាន់គ្រប់ប្រភេទជំងឺទាំងអស់។ បន្ទាប់ពីធ្វើការពិនិត្យ និងព្យាបាលជូនអ្នកជំងឺទាំងអស់នោះ គឺពួកគាត់ពិតជាមានចិត្តសប្បាយរីករាយខ្លាំងណាស់ និងមានជំនឿចិត្តទៅលើមន្ទីរពេទ្យជោរៃ និងបានធ្វើឲ្យមន្ទីរមួយនេះកាន់តែមានភាពកើនឡើងប្រជាប្រិយភាពថែមទៀត ក៏ដោយសារតែពិធីសប្បុរសធម៌មួយនេះ។
លោក Ngo Thanh Viet (ងោ ថាញ់វៀត ) ប្រធានផ្នែកអភិវឌ្ឈន៍ពាណិជ្ជកម្ម អន្តរជាតិរបស់ក្រុមហ៊ុនឱសថ DHG Pharma បានលើកឡើងថា រូបគាត់ពិតជាមានចិត្តសប្បាយរីករាយយ៉ាងខ្លាំងដែលលទ្ធផល នៅឆ្នាំ២០១៨ មានការកើនឡើងខ្លាំងជាងឆ្នាំ២០១៧ ហើយរូបលោកផ្ទាល់ពិតជារីករាយផងដែរ ដោយមានឃើញបងប្អូនប្រជាពលរដ្ឋនៅកម្ពុជាមានសុខភាពល្អ ក្រោមការពិនិត្យ និងព្យាបាលពី មន្ទីរពេទ្យជោរៃ និងមានការសហការជាមួយនឹង DHG Phama ។
លោកបន្តទៀតថា ក្រោមកិច្ចសហការរវាង DHG Phama និងមន្ទីរពេទ្យជោរៃភ្នំពេញ ក៏បានលើកកម្ពស់វិស័យសុខាភិបាលមួយផ្នែកផងដែរ និងម្យ៉ាងវិញទៀតក៏បានកាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋកម្ពុជា ដោយសារតែការពិនិត្យ និងព្យាបាលជំងឺរបស់ក្រុមគ្រូពេទ្យដោយមិនគិតប្រាក់។ មួយវិញទៀតលោកមើលឃើញថា អ្នកជំងឺជាង១ពាន់នាក់ដែលបានចូលមកពិនិត្យទាំងអស់នោះ ពិតជាមានភាពសប្បាយរីករាយផងដែរ ដោយមានការព្យាបាលពីសំណាកក្រុមគ្រូពេទ្យជំនាញៗ នៅកម្ពុជា និងប្រទេសវៀតណាម ។
គួរបញ្ជាក់ថា មន្ទីរពេទ្យជោរៃភ្នំពេញគឺជាមន្ទីរពេទ្យដែលមានស្តង់ដារនិងភាពល្បីល្បាញនៅក្នុងប្រទេសកម្ពុជាលើគុណភាពសេវានិងបទពិសោធន៍ជា ច្រើនឆ្នាំក្នុងការព្យាបាលនិងមានម៉ាស៊ីនដែលមន្ទីរពេទ្យផ្សេងទៀតមិ នទាន់មាន ។ទន្ទឹមនឹងនេះមន្ទីរពេទ្យនេះត្រូវបានគេស្គាល់និងគាំទ្រយ៉ាងខ្លាំងដោយអ្នកជំងឺកម្ពុជាភាគច្រើនដែលធ្វើដំណើរពីផ្ទះរបស់ពួកគេដើម្បីស្វែងរកសេវាសុខភាពនិងការព្យាបាល ៕