បន្ទាយមានជ័យ ៖ លោក នាយឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករងនៃអគ្គអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ផ្តាំផ្ញើដល់មេប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតថ្មី ត្រូវប្រកាន់ខ្ជាប់គោលការណ៍សំខាន់ៗ ៤យ៉ាង ដើម្បីអនុវត្តន៍កិច្ចការងារឲ្យបានលទ្ធផលល្អប្រសើរ ។
ប្រសាសន៍ផ្តាំផ្ញើដូច្នេះ ក្នុងពិធីប្រកាសផ្ទេរភារៈកិច្ច និងតែងតាំងមុខតំណែងនាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ នៅនឹងមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយបានប្រកាសតែតាំងលោកវរសេនីយ៍ទោ ខឹម ចិត្រា អត្តលេខ២០៧៥៧ ពីនាយនគរបាលនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ទៅជានាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ជំនួសលោកឧត្តមសេនីយ៍ទោ ស៊ឹម សំអាត ដែលត្រូវបានក្រសួងផ្ទេរចេញដោយរក្សាមុខងារជាអនុប្រធានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៏ក្រសួងមហាផ្ទៃ ។
លោកនាយឧត្តមសេនីយ៍ ឃុន សំបូរ បញ្ចាក់ថា គោលការណ៍សំខាន់ទាំង ៤យ៉ាង រួមមាន ៖ ១.គោលការណ៍នៃការសម្រេចរបស់ថ្នាក់ដឹកនាំដែលប្រគល់ឲ្យ ២.គោលការណ៍នៃការគោរពតាមជំនាញនីមួយ ៗ ៣.គោលការណ៍ច្បាប់ និងទិដ្ឋភាពនយោបាយខ្លះ ៗ ដែលជាប់ពាក់ព័ន្ធជាមួយកិច្ចការរបស់យើងផ្ទាល់ ៤.ការប្រមូលផ្តុំរាល់របាយការណ៍ និងគំនិតនៃការស្នើសុំយោបល់ពីថ្នាក់លើ ជាពិសេសចំពោះកិច្ចការសំខាន់ៗ ដែលមិនមែនជាការសម្រេចរបស់យើង ត្រូវស្នើទៅថ្នាក់ដឹកនាំភ្លាមៗ ។ គោលការណ៍សំខាន់ៗ ទាំង៤នេះ ក្នុងនាមនាយប៉ុស្តិ៍ និងនាយរងប៉ុស្តិ៍ដែលជាបង្គោលសំខាន់ ត្រូវយកមកដាក់ក្នុងខ្លួនឲ្យខានតែបាន ទើបការអនុវត្តការងារគ្មានបញ្ហាអ្វី ។ ម្យ៉ាងទៀត ប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែតនេះ ចាត់ទុកថា ជាប៉ុស្តិ៍ធំមួយដែល គិតទាំងជនបរទេស ពលករ ស្ថាប័នរដ្ឋ ស្ថាប័នឯកជន និងស្ថាប័នអន្តរជាតិ គឺមានកិច្ចការងារច្រើនណាស់ដែលត្រូវអនុវត្តន៍បន្ត ដើម្បីឲ្យសម្រេចបានលទ្ធផលល្អប្រសើរ ។ ក្នុងនោះ លោកក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងាររបស់លោកឧត្តមសេនីយ៍ទោ ស៊ឹម សំអាត ដែលកន្លងមកបានខិតខំប្រឹងប្រែងបំពេញភារៈកិច្ចការងារ អភិវឌ្ឍន៍កន្លែងធ្វើការ និងការទំនាក់ទំនងជាមួយភាគីថៃ ក្នុងការសម្របសម្រួលការធ្វើដំណើរឆ្លងកាត់ប្រទេស របស់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដោយសម្រេចបានលទ្ធផលល្អ ។
ក្នុងពិធីនេះដែរលោកឧត្តមសេនីយ៍ទោ ស៊ឹម សំអាត អតីតនាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានបង្ហាញពីរបាយការណ៍សង្ខេបអំពីទីតាំងភូមិសាស្ត្រ រចនាសម្ព័ន្ធ អ្នកដំណើរចេញ-ចូល ពលករឆ្លងដែនខុសច្បាប់ និងសមទ្ធិផលនានា ដែលបានបង្កើតឡើងក្នុងរយៈពេល ដែលលោកទទួលភារៈកិច្ចជានាយប៉ុស្តិ៍។
ជាក់ស្តែងសម្រាប់ឆ្នាំ២០១៨កន្លងទៅនេះ មាន ៖ – អ្នកដំណើរចូលកម្ពុជាសរុបចំនួន ៦,៧២៨,៩៤៦នាក់ ស្រីចំនួន៣,២២៦,២៩៤នាក់ មាន១២៧សញ្ជាតិ ក្នុងនោះជនបរទេសចំនួន៥១៦,៣០៤នាក់ ស្រីចំនួន២៨៥,៥៥២នាក់ ពលរដ្ឋខ្មែរចំនួន ៦,២១២,៦៤២នាក់ ស្រីចំនួន២,៩៤០,៧៤២នាក់ ។ – អ្នកដំណើរចេញពីកម្ពុជាសរុបចំនួន ៦,៨៤៤,៧៦៩នាក់ ស្រីចំនួន៣,២១២,៨៥១នាក់ មាន១២៣សញ្ជាតិ ក្នុងនោះជនបរទេសចំនួន៥២៦,៦៥២នាក់ ស្រីចំនួន២៨១,៤៣១នាក់ ពលរដ្ឋខ្មែរចំនួន៦,៣១៨,១១៧នាក់ ស្រីចំនួន២,៩៣១,៤២០នាក់ ។ ក្នុងឆ្នាំ២០១៨នេះដែរ មានពលករខ្មែរឆ្លងដែនខុសច្បាប់ដែលត្រូវអាជ្ញាធរថៃចាប់បញ្ជូនមកកម្ពុជាវិញ ចំនួន៨៨៨លើក មនុស្ស ចំនួន៣០,៥៣០នាក់ ស្រីចំនួន១០,៣៩៦នាក់ និងកុមារ ចំនួន៣,១០៣នាក់ ៕