នាយករដ្ឋមន្ត្រីកម្ពុជានឹងទៅជួបប្រធានាធិបតីចិននៅដើមសប្តាហ៍ក្រោយ
ភ្នំពេញ ៖ សម្តេចនាយករដ្ឋមន្ត្រី នឹងជួបសម្តែងការគួរសមជាមួយ លោក ស៊ី ជិនពីង ប្រធានាធិបតីចិនលោក លីចាន់ស៊ូ (LiZhanshu) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន, លោក វ៉ាង យ៉ាង (Wang Yang) ប្រធានសភាប្រឹក្សានយោបាយចិន ព្រមទាំងជួបពិភាក្សាទ្វេភាគីជាមួយ លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្ត្រីចិន ក្នុងអំឡុងទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសចិន ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៣ ខែមករា ឆ្នាំ២០១៩។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩។
ជំនួបពិភាក្សាខាងលើនេះ នឹងផ្តោតទៅលើការពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិន ដើម្បីផលប្រយោជន៍នៃប្រជាជាតិទាំងពីរ។