ខេត្តស្ទឹងត្រែង ៖ ក្រុមហ៊ុន ស៊ីម៉ុនកម្ពុជា បានប្រើគ្រឿងចក្រកាប់ដើមឈើធំៗដឹកជញ្ជូនទៅស្តុកក្នុងឃ្លាំងសម្រាប់លក់យកលុយចែកគ្នាជាមួយមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនស្ថាប័ន។
ប្រភពពីមន្ត្រីអាជ្ញាធរនៅឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង បានឲ្យដឹងថាក្រុមហ៊ុនស៊ីម៉ុនកម្ពុជា ទទួលបានដីសម្បទានសេដ្ឋកិច្ចទំហំ២៦.៩០០ហិកតានៅក្នុងភូមិណាអូង ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដើម្បីស្ដារនិងបណ្ដុះកូនឈើឡើងវិញ។ មន្ត្រីអាជ្ញាធរឃុំស្រែសំបូរ បានឲ្យដឹងទៀតថា បច្ចុប្បន្នក្រុមហ៊ុនស៊ីម៉ុនកម្ពុជា បានឃុបឃិតជាមួយមន្ត្រីរដ្ឋបាលព្រៃឈើ ហើយកាប់ដើមឈើធំៗអារច្រៀក និងដឹកជញ្ជូនយ៉ាងចំហដោយគ្មានញញើតអ្វីទាំងអស់ ព្រោះពួកគេគិតតែពីរឿងផលប្រយោជន៍ប៉ុណ្ណោះ។
មន្ត្រី សកម្មជនព្រៃឈើក្នុងខេត្តស្ទឹងត្រែង បានឲ្យក្រុមហ៊ុនស៊ីម៉ុនកម្ពុជា មិនត្រឹមតែកាប់ឈើនៅខាងក្រៅទីតាំងដីសម្បទានសេដ្ឋកិច្ចរបស់ខ្លួនប៉ុណ្ណោះទេ គឺថែមទាំងបញ្ជូនកម្លាំងកម្មករចូលទៅកាត់ឈើ អារច្រៀកឈើ ដឹកចូលមកទីតាំងក្រុមហ៊ុនបន្ទាប់មកដឹកជញ្ជូនចេញយ៉ាងគគ្រឹកគគ្រេង ជញ្ជូនឈើទាំងនោះចេញទៅស្រុកយួនតាមការបញ្ជាទិញរបស់ឈ្មួញយួន។ ចំណែកលោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង ក៏ដូចជាប្រធានមន្ទីរកសិកម្មខេត្តស្ទឹងត្រែង នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង និងប្រធានមន្ទីរកសិកម្មខេត្តស្ទឹងត្រែង កំពុងរក្សភាពស្ងៀមស្ងាត់ទុកឲ្យក្រុមហ៊ុនស៊ីម៉ុនកម្ពុជា ធ្វើស្រេចតែអំពើចិត្ត។
ប្រភពពីប្រជាសហគមន៍ការពារព្រៃឈើក្នុងឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង បានលើកឡើងថា ប្រសិនបើគ្មានការឃុបឃិតពីមន្ត្រីធំៗក្នុងខេត្តស្ទឹងត្រែង ទេនោះគឺក្រុមហ៊ុនស៊ីម៉ុនកម្ពុជា មិនហ៊ានធ្វើសកម្មភាពបំផ្លាញព្រៃឈើនៅក្នុងស្រុកសៀមប៉ាង និងតំបន់ឧទ្យានជាតិវីរៈជ័យ ដូចសព្វថ្ងៃនេះឡើយ។
ប្រជាសហគមន៍បានលើកឡើងទៀតថា បច្ចុប្បន្នក្រុមហ៊ុនស៊ីម៉ុនកម្ពុជា បង្កើនសកម្មភាពកាប់ឈើអាច្រៀកឈើនិងដឹកជញ្ជូនឈើចេញពីតំបន់ឧទ្យានជាតិវីរៈជ័យ ដោយគ្មានញញើតអ្វីទាំងអស់ ព្រោះអភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន ព្រមទាំងប្រធានមន្ទីរពាក់ព័ន្ធក្នុងខេត្តស្ទឹងត្រែង មិនចាត់វិធានការទប់ស្កាត់សកម្មភាពរបស់ក្រុមហ៊ុនស៊ីម៉ុនកម្ពុជា នោះលឡើយ។
ដូច្នេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួងកសិកម្ម និងថ្នាកដឹកនាំក្រសួងបរិស្ថាន ពិនិត្យមើលបញ្ហាខាងលើនេះផង ព្រោះក្រុមហ៊ុនស៊ីម៉ុនកម្ពុជា ដែលប្រើប្រាស់អាជ្ញាបណ្ណស្រនច្បាប់ តែបែរជាក្រុមហ៊ុនធ្វើសកម្មភាពជ្រកក្រោមស្លាកអាជ្ញាបណ្ណទៅបំផ្លាញព្រៃឈើក្នុងស្រុកសៀមប៉ាង និងតំបន់ឧទ្យានជាតិវីរៈជ័យ យ៉ាងមហន្តរាយទៅហើយ៕