ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មនឹងធ្វើការតវ៉ា ជាមួយការសម្រេចរបស់សហភាពអឺរ៉ុប ដែលគ្មានសុក្រឹតភាព និងសច្ចភាពសង្គម និងសេដ្ឋកិច្ច។
ការប្រកាសរបស់ក្រសួងពាណិជ្ជកម្មគឺបន្ទាប់ពីគណៈកម្មការអឺរ៉ុប (EU) បានប្រកាសគិតពន្ធ ការនាំចូលអង្ករពីកម្ពុជា និងមីយ៉ាន់ម៉ា ទៅកាន់ទីផ្សារ សហភាពអឺរ៉ុប ចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩នេះតទៅ។
តាមរយៈសេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មការអឺរ៉ុប(EU) កាលពីថ្ងៃ១៦ មករា បានប្រកាសថា ចាប់ពីថ្ងៃទី១៨ មករា ការនាំចូលអង្ករពីកម្ពុជា និងមីយ៉ាន់ម៉ា ទៅកាន់សហភាពអឺរ៉ុប នឹងគិតពន្ធព្រោះការនាំចូលអង្ករ របស់ប្រទេសទាំងពីរ បានធ្វើឲ្យខូចខាត ដល់សេដ្ឋកិច្ចអ្នកផលិតអឺរ៉ុប។
ក្រសួងពាណិជ្ជកម្ម មានការសោកស្ដាយយ៉ាងខ្លាំង ចំពោះសេចក្ដីសម្រេចនេះ ដែលមិនបានឆ្លុះបញ្ចាំងទាំងស្រុង លើទិដ្ឋភាពច្បាប់ពាណិជ្ជកម្មអន្តរជាតិ បទដ្ឋានបច្ចេកទេស និងសច្ចភាព ព្រមទាំងកិច្ចសហប្រតិបត្តិការកន្លងមកដ៏ល្អ រវាងរដ្ឋាភិបាល និងវិស័យឯកជនរបស់កម្ពុជា និងសហគមន៍អឺរ៉ុប ។
ក្រសួងបញ្ជាក់ថា “ក្រសួងពាណិជ្ជកម្ម កំពុងពិនិត្យផ្ទៀងផ្ទាត់ សេចក្ដីសម្រេចនេះ ដោយផ្អែកលើទិដ្ឋភាពច្បាប់ និងវិធានពាណិជ្ជកម្មអន្តរជាតិ ដើម្បីបន្តធ្វើការតវ៉ា ជាមួយសេចក្ដីសម្រេច ដែលប្រជាជនកម្ពុជាយល់ថា ជាសេចក្ដីសម្រេច ដែលគ្មានសុក្រឹតភាព និងសច្ចភាពសង្គម និងសេដ្ឋកិច្ច” ៕