លោក ជា មុនី ពេល​ចូល​បំភ្លឺ​តុលាការ​៖ នេះ​គឺជា​បណ្តឹង​មួយ​ដែល​គ្មាន​ន័យ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 September, 2014 ក+ ក-

ភ្នំពេញ​៖ « នេះ​គឺជា​បណ្តឹង​មួយ​ដែល​គ្មាន​ន័យ​ខ្លឹមសារ​ទេ ពីព្រោះ​តែ​ពេល​ថ្មីៗ​នេះ មានការ​ពិភាក្សាគ្នា​អំពី​ចលនា​សហជីពនៅ ស្រុក ​ខ្មែររឿង​បៀវត្សរ៍​របស់​កម្មករ ហើយ​គេ​នឹងធ្វើ​យុទ្ធនាការ​អំពី​ការដំឡើងប្រាក់បៀវត្សរ៍​ហ្នឹង​។ សម្រាប់​ខ្លួន​ខ្ញុំ ខ្ញុំ​ចូលខ្លួន​តាម​ដីកាកោះ​របស់​តុលាការ ពីព្រោះ​យើងខ្ញុំ​គោរព​ច្បាប់ ហើយ​អ្នកណា​គោរព ឬ​មិន​គោរព​គឺជា​រឿង​របស់គេ​។ ប៉ុន្តែ​សម្រាប់​បុគ្គល​ខ្ញុំ ខ្ញុំ​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា ជា​ប្រជាពលរដ្ឋ​កម្ពុជា ខ្ញុំ​គោរព​ច្បាប់​ហើយ​។ នីតិវិធីតុលាការ​គាត់​ធ្វើ​អី ធ្វើទៅ​។ ប៉ុន្តែ​ឲ្យ​មាន​ហេតុ និង​ផល​សមរម្យ​ក្នុងនាម​តុលាការ​កាត់សេចក្តី​ឲ្យ​បាន​ត្រឹមត្រូវ » ។​
​នេះ​ជាការ​អះអាង​របស់ លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​បានលើកឡើង​នៅ​មុនពេល​ចូលខ្លួន​ទៅ​បំភ្លឺ​តុលាការ​កាលពី​វេលា​ម៉ោង ២ និង ៣០ នាទី រសៀល​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៤ នេះ ទាក់ទង​ការដឹកនាំ​កម្មករ​ធ្វើ​កូដកម្ម​បាតុកម្ម​នៅ​ផ្លូវ​វ៉េងស្រេង ដែល​នាំ​ឲ្យ​មាន​អំពើហិង្សា​កាលពី​ចុងឆ្នាំ​២០១៣ រហូតដល់​ដើមឆ្នាំ​២០១៤ បាន​បណ្តាល​ឲ្យ​កម្មករ​ស្លាប់ និង​របួស ហើយ​ទ្រព្យសម្បត្តិ​រោងចក្រ​មួយចំនួន​ត្រូវបាន​វា​យក​ម្ទេស និង​នៅ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ផ្លូវ​វ៉េងស្រេង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៥ ខែធ្នូ ឆ្នា​២០១៣ រហូតដល់​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៤​។​
​គួរ​ជម្រាប​ថា ក្នុង​ការសើរើ​សំណុំ​រឿងក្តី​នោះ​ចៅក្រម​បាន​កោះហៅ លោក ប៉ាវ​ស៊ីណា មេដឹកនាំ​សហជីព​កម្មករ ចូល​បំភ្លឺ​កាលពី​ថ្ងៃទី​១២​កញ្ញា​។ ចៅក្រម​បាន​ចោទប្រកាន់ និង​ដាក់​លោក​ប៉ាវ​ស៊ីណា នៅក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ តែ​មិន​ចាប់ឃុំខ្លួន​ទេ ចំណែក​ថ្ងៃទី​១៨​ខែកញ្ញា​ខាងមុខនេះ លោក​អាត់​ធន់ ក៏ត្រូវ​ចៅក្រម​សាលាដំបូង​រាជធានី​តម្រូវ​ឲ្យ​ចូល​ឆ្លើយបំភ្លឺ​ដែរ​៕

Untitled-1

                                                                   លោក ជា មុនី