ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានអនុញ្ញាតឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ចុះសិក្សាគម្រោងសាងសង់ផ្លូវស្របតាមបណ្តោយអតីតផ្លូវរថភ្លើង ចាប់ពីផ្លូវជាតិលេខ៥ ដល់ផ្លូវលេខR6 បឹងកក់ ដែលមានប្រវែងសរុប ៦,២គីឡូម៉ែត្រ ដោយអនុវត្តជាពីរជំហាន។
ការសម្រេចអនុញ្ញាតនេះ ធ្វើឡើងក្នុងកិច្ចប្រជុំត្រួតពិនិត្យគម្រោងសាងសង់ផ្លូវអមសងខាងផ្លូវរថភ្លើងពីផ្លូវលេខ៧០ មកដល់មហាវិថី គីម អ៊ីលអ៊ុង ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩។
ការសិក្សាគម្រោងសាងសង់ផ្លូវ នេះ បន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញ បានពិនិត្យឃើញថា ស្ថានភាពចរាចរណ៍ នៅតាមបណ្ដោយផ្លូវលេខ៧០ ទៅរង្វង់មូលគួចកាណុង និងនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ចាប់ពីគល់ស្ពានជ្រោយចង្វារ ដល់ចំណុចស្ថានីយទូរទស្សន៍ ស៊ីធីអិន មានលំហូរចរាចរណ៍យ៉ាងខ្លាំង និងតែងតែកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ៕