ភ្នំពេញ ៖ ៖ នៅដើមខែមករា ឆ្នាំ២០១៩ មានរឿងធំមួយផ្ទុះឡើងក្នុងរាជធានីភ្នំពេញ អ្នករកស៊ីដឹកទំនិញ ឃ្លាំងស្តុកទំនិញ និងផ្ទះស្តុកទំនិញ គ្រប់ប្រភេទកំពុងតែព្រួយបារម្មណ៍ ចំពោះក្រុមប៉ូលីសសេដ្ឋកិច្ចក្រុងភ្នំពេញ ដែលមានឈ្មោះ សុខ រ័ត្ន,ម៉េង ហ៊ុយ,អៀម ផល្លី,ជុំ ដារ៉ាវុធ,ឯម សុផាត និង សុខ ហាក់ កំពុងតែដើរធ្វើព្យុះភ្លៀងក្នុងក្រុងភ្នំពេញ។
ប្រភពពីក្រុមអាជីវករ បានបញ្ជាក់ថា ក្រុមលោក សុខ រ័ត្ន និងបក្សពួក តម្រូវអោយអ្នករកស៊ីបង់លុយអោយគ្រប់រូបភាពទាំងអស់ ពីមុនធ្លាប់បង់តែ១ ឥឡូវបង់មួយទ្វេជាប្រាំ ថែមទាំងប្រើពាក្យសម្តីគំរាមគំហែង ទៅលើអាជីវករទៀតផង។ ពេលនោះអ្នករកស៊ីសួរថា ចុះក្រុមលោកបញ្ញា ពួកគេបានឆ្លើយព្រមៗគ្នាថា ក្រុមលោកបញ្ញា ត្រូវបានគេដកចោលហើយ ឥឡូវនេះក្រុមខ្ញុំមកជំនួស និងជាអ្នកដើរប្រមូលលុយអោយលោក ស ថេត។
ដដែលបានបន្តទៀតថា ពីមុនលោក ស ថេត បានយកលោក សុខ រ័ត្ន មកម្តងហើយ តែត្រូវបណ្តេញចេញទៅវិញ ដោយសារកាលនោះប៉ះពាល់ខ្លាំងពេក។ តែឥឡូវមកវិញខ្លាំងលើសមុន មិនដឹងថា លោក ស ថេត ត្រូវថ្នាំសណ្តំ លោក សុខ រ័ត្ន ប៉ុន្មាន បានជាហ៊ានប្រើមនុស្សក្រៅអង្គភាពប៉ូលីសសេដ្ឋកិច្ចក្រុង ដើរប្រមូលលុយជំនួសប៉ូលីសសេដ្ឋកិច្ចក្រុង ទៅវិញ ដូចខ្វះមន្ត្រីជំនាញធ្វើការ..។
សូមបញ្ជាក់ថា លោក សុខ រ័ត្ន នេះជាប៉ូលីសសេដ្ឋកិច្ចក្រសួងមហាផ្ទៃទេ ហើយមកធ្វើការតំណាងអោយប៉ូលីសសេដ្ឋកិច្ចក្រុង តើថ្នាក់ដឹកនាំក្រសួងមានបានដឹងទេ ពិសេស សម្តេចក្រឡាហោម ស ខេង , នាយឧត្តមសេនីយ៍ នេត សាវឿន និង ឯកឧត្តម ឱម យ៉ិនទៀង គួរណាស់ចុះស៊ើបអង្កេតអោយបានត្រឹមត្រូវ កុំអោយលោក ស ថេត និងបក្សពួក ធ្វើអ្វីៗតាមតែអំពើចិត្ត ដែលមានអមទាំងលិខិតបេសកម្មផងដែរ។ គួររម្លឹកថា នៅពេលថ្មីៗនេះ ក្រុមលោក សុខ រ័ត្ន និងបក្សពួក ដើរប្រមូលលុយពីឈ្មួញគ្រប់ប្រភេទទូទាំងរាជធានីភ្នំពេញ ទៅជូនលោក ស ថេត។
សូមបញ្ជាក់ថា សព្វថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍សង្កត់ធ្ងន់ថា មន្ត្រីទាំងអស់ត្រូវតែបំរើរាស្ត្រ មិនមែនទៅជាន់កររាស្ត្រនោះទេ ដូច្នេះសូមក្រុមលោក សុខ រ័ត្ន និងបក្សពួក កុំចេះតែហ៊ានធ្វើអ្វីផ្តេសផ្តាសអោយសោះ។ ពាក់ព័ន្ធព័ត៌មានខាងលើ សារព័ត៌មាន សង្គម និងកីឡា បានធ្វើការទំនាក់ទំនងទៅលោក ពិន បញ្ញា ប៉ុន្តែទូរស័ព្ទរបស់គាត់មិនអាចទាក់ទងបាន៕