ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជា ហើយនៅ ព្រឹកថ្ងៃទី២០ ខែមករា នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន រយៈពេល៤ថ្ងៃ ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩។ ក្នុងដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរ កម្ពុជា-ចិន និងចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៨ ដូចជា ការផ្តល់ជំនួយនានាសម្រាប់ការអភិវឌ្ឍន៍ និងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយឲ្យកាន់តែស្និទ្ធស្នាលថែមទៀត។
លោក ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានបញ្ជាក់អ្នកកាសែត មុននឹងចាកចេញពីកម្ពុជា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី ២០ ខែមករា នេះថា ការបំពេញទស្សនកិច្ចទៅកាន់សាធារណៈរដ្ឋប្រជាមានិត្យ ចិននាពេលនេះ គឺតបតាមការអញ្ជើញរបស់ លោក លី ខឹឈាំង នាយករដ្ឋមន្ត្រីចិន។
លោក ស្រ៊ី ថាមរុង្គ បានឲ្យដឹងថា មន្ត្រីជាន់ខ្ពស់កម្ពុជាអមដំណើរសម្តេចតេជោនាយករដ្ឋមន្ត្រី រួមមាន លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រមទាំងឥស្សរៈជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ចនៃសភាពាណិជ្ជកម្មកម្ពុជា។
ក្នុងអំឡុងពេលទស្សនកិច្ច សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងជួបសំដែងការគួរសមជាមួយ លោក ស៊ី ជីនភីង (Xi Jinping) ប្រធានាធិបតីចិន លោក លី ចាន់ស៊ូ (LiZhanshu) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន វ៉ាង យ៉ាង (Wang Yang) ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន និងជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្ត្រីចិន។ ការជួបពិភាក្សានឹងផ្តោតទៅលើការពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជានិងចិន ដើម្បីផលប្រយោជន៍នៃប្រជាជាតិទាំងពីរ។ ក្នុងអំឡុងពេលទស្សនកិច្ចនេះ រំពឹងថានឹងមានការចុះហត្ថលេខាលើឯកសារ និងកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការមួយចំនួនផងដែរ។ ក្រៅពីជំនួបខាងលើ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងទទួលការចូលជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នាដោយលោក រដ្ឋមន្ត្រី សុង តាវ ប្រធានមន្ទីរទំនាក់ទំនងអន្តរជាតិរបស់ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តចិន និងលោកជំទាវ គូ សៀវលៀន ប្រធានសមាគមមិត្តភាពចិន-កម្ពុជា និងថ្នាក់ដឹកនាំធុរៈកិច្ចនានា មានមកពីធនាគារចិន សាជីវកម្មស្ពានថ្នល់ចិន ក្រុមហ៊ុនវិស្វកម្ម និងដែកថែបចិន និងក្រុមហ៊ុនហួណេង គ្រុប។
បើតាមការគ្រោងទុក នៅព្រឹថ្ងៃទី២២ ខែមករា សម្តេចតេជោ ហ៊ុន សែន នឹងថ្លែងសុន្ទរកថា មួយ នៅក្នុងវេទិការដើម្បីជំរុញវិស័យពាណិជ្ជកម្ម និងវិនិយោគចិន-កម្ពុជា ផងដែរ។ ក្នុងអំឡុងពេលស្នាក់នៅប្រទេសចិន សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញទៅទស្សនាការតាំងពិព័រណ៍ខួបអនុស្សាវរីយ៍លើកទី៤០ នៃ «កំណែទម្រង់ និងការបើកទូលាយ» ប្រទេសចិន អញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកវេទិកាសេដ្ឋកិច្ចនិងពាណិជ្ជកម្ម កម្ពុជា-ចិន ឆ្នាំ២០១៩ និងជួបសំណេះសំណាល ជាមួយនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅប្រទេសចិនផងដែរ។
គួរបញ្ជាក់ផងដែរ ទំនាក់ទំនងកម្ពុជា-ចិន កាន់តែល្អប្រសើរ តាមរយៈការវិនិ យោគរបស់ចិន និងទេសចរចិនកាន់តែច្រើនឡងនៅកម្ពុជា ដែលធ្វើឲ្យទំហំ ពាណិជ្ជកម្មកម្ពុជា ចិនបានឡើងដល់ជាង៦ពាន់លានដុល្លារ និងគ្រោងឲ្យបាន ១០ពាន់លានៅឆ្នាំខាងមុខ៕