ភ្នំពេញ ៖ សត្វក្រពើភ្នំ ធ្លាប់មានចំនួនច្រើនណាស់ក្នុងតំបន់ទំនាបកណ្តាលអាស៊ីអាគ្នេយ៍ នៅតាមទីជម្រកតំបន់ដីសើម មានដូចជាទន្លេ បឹង តំបន់ដីលិចទឹក និងតំបន់វាលល្បាប់។
ប៉ុន្តែប្រភេទសត្វនេះ បានបាត់បង់ប្រហែល ៩៩% នៃជម្រកប្រវត្តិសាស្ត្ររបស់វា (បើយោងតាមរបាយការណ៍ FFI)។ នេះបើតាមការចុះផ្សាយរបស់អង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ WWF-កម្ពុជា កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩។
ប្រភេទសត្វក្រពើភ្នំត្រូវបានចាត់ថ្នាក់ជាសត្វទទួលរងគ្រោះជិតផុតពូជក្នុងឆ្នាំ ១៩៩៤ ហើយបន្ទាប់មកត្រូវបានគេចាត់ថ្នាក់ជាប្រភេទសត្វទទួលរងគ្រោះជិតផុតពូជខ្លាំងបំផុត ក្នុងឆ្នាំ១៩៩៦ ក្នុងបញ្ជីក្រហម IUCN។ បច្ចុប្បន្នប្រភេទសត្វក្រពើភ្នំជាប្រភេទសត្វល្មូនដ៏កម្របំផុតរបស់ពិភពលោក ហើយមានរបាយចំនួននៅរាយប៉ាយ និងតិចតួចបំផុត ក្នុងប្រទេសកម្ពុជា ឥណ្ឌូណេស៊ី ឡាវ ថៃ និងវៀតណាម៕