ខេត្តកំពង់ចាម ៖សង្វៀនជល់មាន់ភ្នាល់់ដាក់លុយមួយកន្លែង ត្រូវបានកំលាំងនគរបាលស្រុកជើងព្រៃ ចុះបង្ក្រាបដោយបានដកហូតវត្ថុតាងមួយចំនួននៅកន្លែងកើតហេតុ ដែលអ្នកលេងបន្សល់ទុក មុនពេលពួកគេរត់យករួចខ្លួន បន្ទាប់ពីដឹងថា សមត្ថកិច្ចនឹងចុះទៅដល់។
លោក ប្រាក់ សុគុណ អធិការនគរបាលស្រុកជើងព្រៃ បានអោយដឹងថា ជនខិលខូចមួយចំនួននៅតែលួចលាក់ជល់មាន់ភ្នាល់ដាក់លុយដោយផ្លាស់ប្តូរពីកន្លែងមួយទៅកន្លែងមួយ ។តែទោះបីយ៉ាងណាក៏ដោយ សមត្ថកិច្ចនៅតែតាមប្រម៉ាញ់ និងដុតកំទេចសង្វៀនចោលជារឿយៗជាក់ស្តែង នៅថ្ងៃទី២០ខែមករា ឆ្នាំ២០១៩ម៉ោង១១:០០នាទី កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំពងជ័យ ចំនួន ០៣ នាក់សហការជាមួយកំលាំងប៉ុស្តិព្រីងជ្រុំ ២នាក់ បានធ្វើការល្បាតចល័តដល់ចំណុចភូមិ សណ្ដែក បានប្រទះឃើញក្រុមអ្នកលេងជល់មាន់មួយក្រុម ពេលដែលសមត្ថកិច្ចចូលទៅបង្ក្រាបត្រូវបានអ្នកលេងល្បែងរត់អស់។
លោកអធិការបានបន្តថាដោយភូមិសាស្ត្រស្នុគស្មាញ និងមានព្រៃក្រាសខ្លាំងពេក សមត្ថមិនអាចដេញទាន់ក៏បានដកហូត វត្ថុតាងបានបន្សល់ទុក គឺ ម៉ូតូចំនួន ៨ គ្រឿង កន្ត្រកដាក់មាន់ចំនួន០៣ ស្បែកជើងចំនួន ០១ គូរ។លោកអធិការបន្តថា សមត្ថកិច្ចបានយកវត្ថុតាងបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជើងព្រៃ ដើម្បីស្រាវជ្រាវស្វែងរកម្ចាស់ នាំមកដោះស្រាយតាមផ្លូវច្បាប់៕ ដោយ ៖ សុផល