ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន កាលពីម្សិលម៉ិញ បានអញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតកម្ពុជាចំនួនជិត៥រយនាក់ ដែលកំពុងសិក្សានៅក្នុងប្រទេសចិន និងបានបញ្ជាក់ថា ទស្សនកិច្ចរបស់សម្តេចនៅប្រទេសចិននាពេលនេះ គឺដើម្បីកៀងគររកកម្ចីឥណទាន ក្នុងការតបណ្តាញចែកចាយអគ្គិសនីដល់ប្រជាពលរដ្ឋនៅទូទាំងកម្ពុជា។
សម្តេចតេជោ ថ្លែងថា ដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសចិននាពេលនេះ សម្តេចនឹងជួបចរចាជាមួយភាគីចិន ក្នុងការកៀងគររកកម្ចីឥណទាន ក្នុងការតបណ្តាញចែកចាយអគ្គិសនីឲ្យបានគ្របដណ្តប់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ។ សំដៅធ្វើយ៉ាងណាឲ្យតម្លៃអគ្គិសនីកាន់តែចុះថោក នៅបណ្តាឆ្នាំខាងមុខៗ ធានានូវការបែងចែកផ្លែផ្កា នៃកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាជនកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ចក្ខុវិស័យនៃការបន្តបញ្ចុះតម្លៃអគ្គិសនី នឹងបន្តធ្វើរហូតឆ្នាំ២០២១ ដើម្បីឲ្យតម្លៃអគ្គិសនីកាន់តែចុះថោកថែមទៀត និងធានាថាប្រជាពលរដ្ឋនៅភូមិឋានទាំងអស់មានអគ្គិសនីប្រើប្រាស់។
គួរបញ្ជាក់ថា នាឱកាសនោះ សម្តេចនាយករដ្ឋមន្ត្រី បានឧបត្ថម្ភថវិកាមួយចំនួនដល់និស្សិតផ្ទាល់ និងបានជួយដល់សមាគមនិស្សិតដែលកំពុងសិក្សានៅប្រទេសចិនចំនួន៣ម៉ឺនដុល្លារ បូករួមទាំងប្រាក់ឧបត្ថម្ភតាមរយៈសភាពាណិជ្ជកម្មកម្ពុជា ចំនួន ៥ម៉ឺនដុល្លារ និងថវិការបស់ថ្នាក់ដឹកនាំចំនួន ១ម៉ឺនដុល្លារផ្សេងទៀត ដើម្បីទំនុកបម្រុងសមាគមនិស្សិតនៅប្រទេសចិន អោយមានលទ្ឋភាពបន្តកិច្ចការរបស់ខ្លួន៕