កំពង់ចាម ៖ នារសៀលថ្ងៃទី២១ ខែមករា ឆ្នាំ ២០១៩ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញទៅ ពិនិត្យមើលស្ពានឫស្សី កោះប៉ែន ដែលកំពុងរងការគំរាមកំហែង ដោយសារការកើនឡើងទឹកទន្លេមេគង្គ ដែលបណ្ដាលមកពី នៅភាគខាងលិចប្រទេសចិន ទទួលរងគ្រោះដោយទឹកភ្លៀង ទើបបណ្ដាលឲ្យចរន្តទឹកទន្លេមេគង្គ មានការកើនឡើង គួរអោយកត់សម្គាល់។
ការកើនឡើងនេះ បើតាមរបាយការណ៍ របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានអោយ ដឹងថា មានរយៈពេលប្រមាណជាមួយសប្តាហ៍ នឹងអាចស្រកទៅវិញ។
ឯកឧត្តម គួច ចំរើន ក៏បានបញ្ជាក់ផងដែរថាថ្វីដ្បិតតែ ទឹកទន្លេ មេគង្គ កើនឡើងដែលធ្វើឱ្យប៉ះពាល់ទៅដល់ស្ពានឫស្សីនេះ ក៏ពិតមែន តែឯកឧត្តម ក៏បានបញ្ជាឲ្យអ្នកជំនាញការជួសជុល ស្ពាននេះឡើងវិញ ដើម្បីឲ្យទាន់ស្របពេលពិធីបុណ្យចូលឆ្នាំប្រពៃណីចិន វៀតណាម នាពេលខាងមុខនេះ ដែលអាចអោយបងប្អូនប្រជាពលរដ្ឋ អ្នកទេសចរជាតិ និងអន្តរជាតិ បានមកមើលឆ្លងកាត់ និងធ្វើដំណើរកំសាន្តទៅលេងឆ្នេរកោះប៉ែនដូចបណ្តាឆ្នាំមុនៗដែរ។
គួរបញ្ជាក់ថា ទោះជាទឹកទន្លេរមេគង្គបានហក់ឡើងខ្ពស់បន្តិចក្តី តែមិនបានធ្វើអោយប៉ះពាល់ដល់ការប្រកបរបបចិញ្ចឹមជីវិត របស់បងប្អូននៅតាមដងទន្លេនោះទេ៕ ដោយ ៖ សុផល