ខេត្តកំពង់ធំ ៖ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតស្រុកថ្មីមួយទៀតនៅក្នុងខេត្តកំពង់ធំ ដើម្បីសម្រួលដល់ការ គ្រប់គ្រងប្រព័ន្ធរដ្ឋបាល។ ស្រុកបង្កើតថ្មីនេះ មានឈ្មោះថា «ស្រុកតាំងគោក» ដោយកាត់យកឃុំ ចំនួន៨ ចេញពីស្រុកបារាយណ៍ រួមមាន៖ ឃុំពង្រ ឃុំច្រនាង ឃុំជ្រលង ឃុំទ្រៀល ឃុំសូយោង ឃុំស្រឡៅ ឃុំស្វាយភ្លើង និងឃុំអណ្តូងពោធិ៍ ដោយបានកំណត់យកទីតាំងរដ្ឋបាលសាលាស្រុក ស្ថិតនៅក្នុងឃុំសូយោង។
សូមបញ្ជាក់ថា ខេត្តកំពង់ធំ គឺជាខេត្តមួយស្ថិតនៅចំកណ្តាលផ្ទៃប្រទេសកម្ពុជា ដែលមានផ្ទៃដីសរុប ១៣.៨១៤គីឡូម៉ែត្រការ៉េ ដោយបែងចែកជា ៨ស្រុក-ក្រុង, ៨១ឃុំ-សង្កាត់ និង ៧៣៤ភូមិ បូក បន្ថែមជាមួយស្រុកទើបបង្កើតថ្មីមួយថែមទៀត ដូច្នេះស្រុក-ក្រុងក្នុងខេត្តកំពង់ធំ ឡើងដល់៩ហើយ ។ ស្រុក-ក្រុងទាំង៩ នោះរួមមាន៖ ក្រុងស្ទឹងសែន, ស្រុកបារាយណ៍, ស្រុកកំពង់ស្វាយ, ស្រុក ប្រាសាទបល្ល័ង្ក, ស្រុកប្រាសាទសំបូរ, ស្រុកសណ្ដាន់, ស្រុកសន្ទុក, ស្រុកស្ទោង និង ស្រុក តាំងគោក៕