បន្ទាយមានជ័យ ៖ អតីតប្រធាសាខាគយ និងរដ្ឋាករខេត្តបន្ទាយមានជ័យ លោក ឆែ សុធា បានលើកឡើងថា ឆ្នាំ២០១៨ ចំណូលពន្ធគយខេត្តបន្ទាយ មានជ័យ រកបានជិត ១លានដុល្លា ក្នុង១ថ្ងៃ ។
ការលើកឡើងដូច្នេះ ក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានសាខាគយ និងរដ្ឋាករ ខេត្តបន្ទាយមានជ័យ និងប្រធានការិយាល័យគយ និងរដ្ឋាករច្រកទ្វារអន្តរជាតិប៉ោយប៉ែត កាលពីរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ដែលរៀបចំធ្វើឡើងនៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ។
ពិធីនេះ បានប្រកាសតែងតាំងលោក នូ ស៊ីថា ពីប្រធានសាខាគយ និងរដ្ឋាករខេត្តត្បូងឃ្មុំ មកបំពេញភារកិច្ចជា ប្រធានសាខាគយ និងរដ្ឋាករខេត្តបន្ទាយមានជ័យ ជំនួសប្រធានចាស់លោក ឆែ សុធា ដែលត្រូវបានចូលនិវត្តន៍ និងប្រកាសផ្ទេរភារកិច្ចលោក ងួន កុសល ពីប្រធានការិយាល័យគយ និងរដ្ឋាករផែស្ងួតអ៊ុយញ៉ុងភ្នំពេញ មកបំពេញភារកិច្ច ប្រធាន ការិយាល័យគយ និងរដ្ឋាករច្រកទ្វារអន្តរជាតិប៉ោយប៉ែត ជំនួសលោក ហ៊ុយ សុជាតិ ដែលត្រូវទៅបំពេញភារកិច្ច ជាប្រធានការិយាល័យរដ្ឋបាល និងគ្រប់គ្រង នៃសាខាគយនិងរដ្ឋាករខេត្តមណ្ឌលគិរី ។
លោក ឆែ សុធា បញ្ជាក់ថា ក្នុងរយៈពេលជាង ៣០ឆ្នាំ ដែលលោកបម្រើការងារជាមន្ត្រីគយ ជាពិសេសរយៈពេលចុងក្រោយដែលលោក ចូលកាន់តំណែងជាប្រធានសាខាគយ និងរដ្ឋាករខេត្តបន្ទាយមានជ័យ នេះ លោកពិតជាមានសេចក្តីរីករាយក្រៃលែង ដែលលោកបានបំពេញការងារប្រកបដោយលទ្ធផលល្អ ពោលគឺ ការរកចំណូលពន្ធគយមានការកើនឡើង ជាកស្តែងក្នុងឆ្នាំ២០១៨ កន្លងទៅនេះ សាខាគយ និងរដ្ឋាករខេត្តបន្ទាយមានជ័យ រកចំណូលបាន ៣៣១លានដុល្លា គិតទៅក្នុងមួយថ្ងៃរកបាន ជិត១លានដុល្លា ។
លោក នូ ស៊ីថា ប្រធានសាខាគយ និងរដ្ឋាករខេត្តបន្ទាយមានជ័យ ដែលទើបចូលកាន់តំណែងថ្មី បានប្តេជ្ញាចិត្ត ខិតខំប្រឹងប្រែង បំពេញភារកិច្ចឲ្យបានល្អ និងពង្រឹងកិច្ចសហការ និងពង្រឹងសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ ។
ជាមួយគ្នានេះ លោក ផា អេងវ៉េង អគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានមានប្រសាសន៍ផ្តាំផ្ញើ ដល់មន្ត្រីគយ និងរដ្ឋាករ ក្រោយពេលប្រកាសទទួលភារកិច្ចជា ប្រធានសាខាគយ និងរដ្ឋាករខេត្តបន្ទាយមានជ័យ និងប្រធានការិយាល័យគយ និងរដ្ឋាករក្រុងប៉ោយប៉ែត ធ្វើយ៉ាងណាត្រូវខិតខំបំពេញភារៈកិច្ចការងារ ឲ្យបានល្អ ជាពិសេសត្រូវពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយអង្គភាពពាក់ព័ន្ធ និងត្រូវបង្កើនការទប់ស្កាត់ កាត់បន្ថយអំពើរត់ពន្ធ៕