រោងចក្រ​វាយ​ន​ភណ្ឌ និង​ឃ្លាំង​ស្តុក​ទំនិញ​ធំៗ គ្រោងរំកិលចេញ​ទៅ​នៅ​ជាយក្រុង​ភ្នំពេញ​វិញ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 January, 2019 ក+ ក-

​ភ្នំពេញ ៖ រោងចក្រ​វាយ​ន​ភណ្ឌ​ទាំងអស់ និង​ឃ្លាំង​ផ្ទុកទំនិញ​ធំៗ ដែល​កំពុង​ស្ថិតនៅក្នុង​ទីក្រុង​ភ្នំពេញ គ្រោងរៀបចំ​ប្ដូរ​ទីតាំង​ទៅ​នៅតាម​បណ្ដោយ​ផ្លូវ​ក្រវាត់ក្រុង​ទី​៣ ជាយក្រុង​ភ្នំពេញ​វិញ បន្ទាប់ពី​ផ្លូវ​នេះ​ត្រូវ​ស្ថាបនា​ហើយ​រួចរាល់​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក​អភិបាល​រាជធានី​ភ្នំពេញ ដែល​ត្រូវបាន​ដកស្រង់​សំដី​ដោយ​កាសែត​ក្នុងស្រុក កាលពី​ថ្ងៃ​ចន្ទ ទី​២១ ខែមករា ម្សិលមិញ​។​

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​លើកឡើងថា ដើម្បី​បញ្ចៀស​កុំ​ឱ្យមាន​រថយន្ត​ធំៗ​បើកបរ​ចូលក្នុង​ក្រុង​បង្ក​ការកកស្ទះ​ចរាចរណ៍ សាលា​រាជធានី​ភ្នំពេញ​កំពុង​រៀបចំ​គម្រោង​ឱ្យ​រថយន្ត​ធុន​ធំ​មួយចំនួន អាច​បើកបរ​ចូលក្នុង​ក្រុង​ស្ថិតក្នុង​ម៉ោង​ហាមឃាត់​ដដែល​ថ្វីបើ​មាន​បម្រាម​ក្ដី ប៉ុន្តែ​លោក​ថា ករណីនេះ​កើតឡើង​តិចតួច​ប៉ុណ្ណោះ ហើយ​ក្នុងនោះ​ក៏មាន​រថយន្ត​ធំ​មួយចំនួន ត្រូវ​បង្ក្រាប​បានជា​បន្តបន្ទាប់​ផងដែរ​។​

​គួរ​ជម្រាប​ថា ការលើកឡើង​របស់លោក ឃួ​ង ស្រេង ពាក់ព័ន្ធនឹងគម្រោងរំកិលទីតាំងរោងចក្រវាយនភណ្ នេះ គឺ​បាន​ធ្វើឡើង​នៅក្រោយពេល សម្តេចនាយក​រដ្ឋមន្ត្រី​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​បញ្ជាក់​ពី​ចក្ខុវិស័យ​នាពេល​អនាគត​របស់​រា​ជ​ធានីភ្នំពេញ កាលពី​ថ្ងៃទី​១៤ ខែមករា ខណៈ​សម្តេច​អញ្ជើញ​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ក្រវាត់ក្រុង​ទី​៣ មាន​ប្រវែង​ជាង ៥២​គីឡូម៉ែត្រ​។

ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បញ្ជាក់ថា ផ្លូវ​នេះ​គឺជា​ផ្លូវ​ក្រវាត់ក្រុង​ដ៏​ធំ​បម្រើ​ដល់​ការដឹកជញ្ជូន​ដែល​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​១ ផ្លូវជាតិ​លេខ​៥ ផ្លូវជាតិ​លេខ​៤ ផ្លូវជាតិ​លេខ​៣ ផ្លូវជាតិ​លេខ​២ ផ្លូវ​លេខ​២១ ផ្លូវជាតិ​លេខ​១ និង​តទៅ​ដល់​ចំណត​ផែ​កុងតឺន័រ​ថ្មី របស់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ នៅក្នុង​ស្រុក​កៀនស្វាយ​។ ផ្លូវ​ក្រវាត់ក្រុង​ទី​៣ នេះ គ្រោង​នឹង​បញ្ចប់​ការសាងសង់​នៅក្នុង​ខែធ្នូ ឆ្នាំ​២០២១៕