នៅឆ្នាំ២០១៩ កម្ពុជា អាចនាំចេញចេកអំបូងលឿងជាង ១លានតោន
ភ្នំពេញ ៖ វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានបញ្ជាក់ក្នុងឱកាសចុះពិនិត្យការនាំចេញចេកអំបូងលឿងរបស់ក្រុមហ៊ុនឡុង ស្រេង បឹងកេត នីហរ័ណ អាហរ័ណ កាលពីថ្ងៃទី២០ ខែមករា នេះថា នៅក្នុងឆ្នាំ២០១៩នេះ កម្ពុជាអាចនាំចេញចេកអំបូងលឿង ទៅកាន់ទីផ្សារអន្តរជាតិប្រមាណជាង ១លានតោន ព្រោះគ្រាន់តែនៅដើមឆ្នាំ២០១៩ ប៉ុណ្ណោះ ចេកអំបូងលឿង ត្រូវបាននាំចេញជាង ៦ពាន់តោន។
គួរបញ្ជាក់ដែរថា ក្រុមហ៊ុនឡុងស្រេងបឹងកេត នីហរ័ណ អាហរ័ណ បានដាក់ទុនវិនិយោគប្រមាណជាង ៨លានដុល្លារ ដើម្បីដាំដុះចេកអំបូងលឿង លើផ្ទៃដីសាកល្បង ៥០០ហិកតា ក្នុងនោះផ្ទៃដី ១០០ហិកតា កំពុងធ្វើការប្រមូលផលនិងនាំចេញទៅកាន់ទីផ្សារចិន ហើយគ្រោងពង្រីកផ្ទៃដីដាំដុះឲ្យដល់ ១.៥០០ហិកតា ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារប្រទេសចិន៕