ភ្នំពេញ ៖ ខណៈដែលថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិន វៀតណាម នឹងចូលមក ដល់នៅថ្ងៃទី៤ ខែកុម្ភៈ ខាងមុខនេះ ឃើញថា ដើមផ្កាអង្គាសីល(អង្គាលឿង) ត្រូវបានគេដឹកយកមកពីតាមបណ្តាខេត្ត នានាមកដាក់លក់តាមទីប្រជុំជនក្នុងទីក្រុងភ្នំពេញ ជាបណ្តើរៗហើយ។
អ្នកប្រកបរបរ ទិញ លក់ ដើមផ្កាអង្គាសីល តាមរដូវកាលម្នាក់ បានត្អូញត្អែរថា រាល់ឆ្នាំ គាត់តែងទៅរកទិញពីតំបន់ព្រៃភ្នំ យកមកលក់បន្តនៅទីក្រុងភ្នំពេញ តែឆ្នាំនេះ គាត់ ទៅទិញដល់ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិសាត់ ហើយពិបាកណាស់ ព្រោះតំបន់ខ្លះក្លាយ ជាដីរបស់ក្រុមហ៊ុនឯកជន ឬគេអភិវឌ្ឍន៍អស់ហើយ គ្មានផ្កាអង្គារសីល ឬផ្កាអង្គាលឿង នោះទៀតទេ។
បុរសម្នាក់ដែលឈរទិញផ្កាអង្គាសីល បានឲ្យដឹងថា ផ្កាអង្គាសីល គឺស្ថិតក្នុងជំនឿ អមតៈ របស់ជនជាតិចិន ដោយពួកគេជឿជាក់ថា ជាផ្កានាំសំណាងដ៏រុងរឿង ប្រសិនបើថ្ងៃចូលឆ្នាំចិនផ្កាអង្គាសិល្ប៍រីកច្រើនល្អ គឺបានសេចក្តីថា ឆ្នាំនេះពួកគេនឹងរកស៊ីមានបានប្រាក់ ហូរហៀរ តែប្រសិនបើផ្កានោះរីកមិនសូវល្អ ការរកស៊ីនៅឆ្នាំនេះ ក៏ទៅតាមនោះដែរ៕