ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ចាកចេញពីប្រទេសចិននិវត្តន៍មកប្រទេសកម្ពុជាវិញ បន្ទាប់ពីបានបញ្ចប់ដំណើរទស្សនកិច្ចប្រកបដោយជោគជ័យខ្ពស់នៅលើទឹកដីមហាមិត្តចិនរយៈពេល៣ថ្ងៃកន្លងទៅ។
តាមការគ្រោងទុកសម្តេចតេជោនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ នឹងហោះហើរមកដល់ប្រទេសកម្ពុជាវិញនៅរសៀលថ្ងៃដដែលនេះ។ ក្នុងដំណើរទស្សនកិច្ចនៅលើទឹកដីចិនរយៈពេល៣ថ្ងៃកន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សារទ្វេភាគីជាមួយលោក ស៊ី ជីនពីង ប្រធានាធិបតីចិន, លោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន, លោក វ៉ាង យ៉ាង ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន, លោក លី ចាន់ស៊ូ ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន និងលោក សុង តាវ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិមជ្ឈិមបក្សកុម្មុយនិស្តចិន។
សម្តេចតេជោ ហ៊ុន សែន ក៏បានអនុញ្ញាតឲ្យថ្នាក់ដឹកនាំក្រុមហ៊ុនធំៗរបស់ចិនចំនួន៣ រួមមាន៖ ក្រុមហ៊ុនវិស្វកម្ម និងដែកថែបចិន, ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន និងក្រុមហ៊ុនហួណេងគ្រុប។ សម្តេចនាយករដ្ឋមន្ត្រី ក៏បានអនុញ្ញាតឲ្យប្រធានធនាគារចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាលើការងារវិនិយោគមួយចំនួនផងដែរ។
លោកប្រធានាធិបតីចិន ក៏បានប្រកាសបង្កើនការទិញផលិតផល និងកសិផលរបស់កម្ពុជាឲ្យបានកាន់តែច្រើនថែមទៀតផងដែរ។ ការប្រកាសផ្តល់ជំនួយ ក៏ដូចជាការទិញអង្ករ និងកសិផលផ្សេងៗនេះ ត្រូវបានគេមើលឃើញពីការបង្ហាញជំហរដ៏ម៉ឹងម៉ាត់របស់ចិនក្នុងការលើកកម្ពស់ និងពង្រឹងឲ្យកាន់តែរឹងមាំនូវទំនាក់ទំនងជាមួយកម្ពុជាឲ្យកាន់តែខ្លាំងក្លា៕