ព្រះវិហារ ៖ អភិបាលខេត្តព្រះវិហារលោក អ៊ុន ចាន់ដា កាលពីព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យរៀបចំដីសម្បទានគោលនយោបាយសង្គមកិច្ចលំនៅឋាន និងដីសម្បទានកសិកម្មជូនប្រជាពលរដ្ឋ។
ពួកគាត់នៅក្នុងតំបន់អភិរក្សប្រាសាទព្រះវិហារមកពីចំណុចស្វាយជ្រុំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារដែលផ្លាស់មករស់នៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
ជាលទ្ធផលនៃការចុះពិនិត្យជាក់ស្តែងនៃក្រុមការងារខេត្ត ទទួលបានលទ្ធផលដូចខាងក្រោម៖១.ក្រុមការងារនឹងចុះកំណត់ប្លង់ និងបោះបង្គោលការរៀបចំបិទបញ្ជីក្បាលដីឡូត៍លំនៅដ្ឋាននាពេលឆាប់ៗដល់ប្រជា ពលរដ្ឋ ដែលមិនទាន់បានទទួលបានដីកន្លងមក ស្ថិតនៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត។
២.ដីសម្បទានកសិកម្មដែលស្ថិតនៅឃុំកន្ទួតស្រុកជាំក្សាន្តចំនួន៥.០០០ហិកតានឹងត្រូវបែងចែកជូនប្រជាពលរដ្ឋក្នុង១គ្រួសារចំនួន២ហិកតាសម្រាប់យកទៅបង្កបង្កើនផល។ក្នុងដំណើរចុះពិនិត្យទីតាំងខាងលើនេះ ក៏មានការចូលរួមពីតំណាងអាជ្ញាធរព្រះវិហារ អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត អភិបាលស្រុក និងមន្ទីរជំនាញពាក់ព័ន្ធជុំវិញខេត្តជាច្រើនរូបផងដែរ៕