កម្ពុជា​ទិញ​សិទ្ធិ​សេវាកម្ម​ជួល​ពី​អាមេរិក​ដើម្បី​កាត់បន្ថយ​ដល់​ការចំណាយ​របស់​វិនិយោគិន​ក្នុងស្រុក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 January, 2019 ក+ ក-

​ភ្នំពេញ ៖ សេវាកម្ម​ជួល​រថយន្ត ជួល​គ្រឿងចក្រ​កសិកម្ម គ្រឿងចក្រ​ក្នុង​វិស័យ​សំណង់ ត្រូវបាន ក្រុមហ៊ុន​ក្នុងស្រុក​មួយ នាំចូល​ពី​សហរដ្ឋអាមេរិក ដើម្បី​សម្រួល​ដល់​វិនិយោគិន​ក្នុងស្រុក និង​ក្រៅ​ស្រុក​ដែល​កំពុងដំណើរការ​ក្នុងប្រទេស​កម្ពុជា​។

​លោក ង​ន សាំង អគ្គនាយក​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា មានប្រសាសន៍​ក្នុង​កិច្ចសម្ភាសន៍​មួយ នៅ​ពិធី​ប្រកាស​ដំណើរការ​សេវាកម្ម​ជួល​នេះ​នៅ​កម្ពុជា ថា ដោយ​មើលឃើញថា សេវា​កម្មជួល​នៅក្នុង​ប្រទេស​កម្ពុជា ហាក់​មាន​កម្រិត​ទាប​នៅឡើយ ទើប​ក្រុមហ៊ុន អ អិ​ម អេ​ខេ​ម​បូ​ឌា បាន​នាំ​សិទ្ធិ​សេវាកម្ម​ជួល​របស់ Avis Budget មកកាន់​ប្រទេស​កម្ពុជា ដោយ​បន្ថែម​ការជួល​ទៅលើ​រថយន្ត​សម្រាប់​ធ្វើដំណើរ រថយន្ត​ដឹកទំនិញ​ធំ​ធុន​តូច និង​ធុន​ធំ ដូចជា​រថយន្ត​ដឹក​ប្រេង គ្រឿងចក្រ​កសិកម្ម គ្រឿងចក្រ​សម្រាប់​លើកដាក់​ទំនិញ​ក្នុង​ឃ្លាំង ក៏ដូចជា​គ្រឿងចក្រ ក្នុង​វិស័យ​សំណង់ និង​ឧបករណ៍​គ្រឿងចក្រ​ជាច្រើន​ទៀត ។

​លោក​បន្តថា ការបើក​សេវាកម្ម​ទាំងនេះ គឺ​ជួយ​ដល់​អ្នក​អភិវឌ្ឍន៍​ក្នុងប្រទេស ក្នុងការ​កាត់បន្ថយ​នូវ​ថ្លៃដើម​ផងដែរ ។ ជាក់ស្ដែង​គ្រឿងចក្រ​ក្នុង​វិស័យ​សំណង់​នីមួយៗ មានតម្លៃ​ខ្ពស់​ណាស់ ហើយ​បើសិនជា​គាត់​ត្រូវ​ការទិញ​ប្រើប្រាស់​ថវិកា​ផ្ទាល់ខ្លួន នឹងធ្វើ​អោយ​គាត់​បន្ថែម​ការចំណាយ​ទៅលើ​ការវិនិយោគ​ក្នុង​គម្រោង ក៏ប៉ុន្តែ​បើសិនជា​គាត់​ជួល​គ្រឿងចក្រ​ទាំងនោះ​ទៅប្រើ​ប្រាស់​ពេល​គម្រោង​ចប់ អាច​យក​ត្រលប់​មកវិញ ដោយ​អស់​ថ្លៃដើម​តិចជាង​រប​ស់​ផ្ទាល់ខ្លួន ។
​លោក​បន្ថែមថា នៅក្នុង​ប្រទេស​កម្ពុជា សេវាកម្ម​បែបនេះ គឺ​នៅមានកម្រិត​នៅឡើយ ហើយក៏​កំពុង​ដើរ​ក្រោយ​ប្រទេស​រីកចម្រើន​លើ​ពិភពលោក​ផងដែរ ដូច្នេះ ការនាំ​ចូលមក​នេះ លោក​សង្ឃឹមថា នឹង​ជួយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​ដំណើរ​ការសាងសង់​លើ​វិស័យ​សំណង់ អភិវឌ្ឍន៍ វិស័យ​កសិកម្ម និង​ជួយ​ដល់​ធុរជន​ដែល​កំពុង​ស្វែងរក​រថយន្ត​សម្រាប់​ប្រើប្រាស់​ក្នុង​រយៈពេល​ខ្លី​ផងដែរ ។

​លោក​បញ្ជាក់ថា តាមពិតទៅ ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា បាន​បង្កើត​សេវា​កម្មជួល​នេះ តាំងពី​ឆ្នាំ ២០១៤ មកម្ល៉េះ ក៏ប៉ុន្តែ​កាលនោះ គឺមាន​ជួល​តែ​រថយន្ត​សម្រាប់​ដឹក​អ្នកដំណើរ​ប៉ុណ្ណោះ តែដោយសារ​តែ​មើល​ពី​សក្ដានុពល និង​ការរីកចម្រើន​លើ​វិស័យនេះ ទើប អ អិ​ម អេ នាំចូល​នូវ​សេវាកម្ម​ជួល​ថ្មី​នេះ មកកាន់​កម្ពុជា តែម្ដង​៕

SONY DSC