ភ្នំពេញ ៖ នេះបើយោងតាមប្រភពព័ត៌មានពីមន្ដ្រីសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ បានបង្ហើបឲ្យដឹងថា ថៅកែហាងកែសម្ផស្ស (ឌែម៉ូគ្លីនិក) និងអ្នកគ្រូពេទ្យវះកាត់ ត្រូវបានចៅក្រមតុលាការក្រុងភ្នំពេញ សម្រេចអនុញ្ញាតឲ្យនៅក្រៅឃុំជា បណ្តោះអាសន្នហើយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ នៅវេលា ម៉ោង៧ និង ៣៥នាទីយប់ ។
សូមរំលឹកផងដែរ ថៅកែហាងកែសម្ផស្ស (ឌែម៉ូគ្លីនិក) និង អ្នកគ្រូពេទ្យវះកាត់ ត្រូវចៅក្រមស៊ើបសួរតុលាការក្រុងភ្នំពេញលោក ម៉ុង មុនី្នសោភា សម្រេចចេញដីកា បង្គាប់ឲ្យឃុំខ្លួនដាក់ ពន្ធនាគារPJ បណ្តោះអាសន្ន កាលពី រសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩។
ថៅកែហាងកែសម្ផស្សឌែម៉ូគ្លីនិកមានឈ្មោះហូវ ដាណេ និង គ្រូពេទ្យវះកាត់ ឈ្មោះពៅ ស៊ីណាត ត្រូវបានលោក សឿន មុនីរ័ត្ន ព្រះរាជអាជ្ញារងអម តុលាការក្រុងភ្នំពេញចោទប្រកាន់ពីបទ៖
-ប៉ះពាល់ដល់សិទ្ធខាងរូបភាពនៃបុគ្គលតាមមាត្រា ៣០២នៃក្រមព្រហ្មទណ្ឌ
-កំហែងយកតាមមាត្រា ៣៦៣និងមាត្រា៣៦៤នៃក្រមព្រហ្មទណ្ឌ
-ការគំរាមកំហែងហែកកេរ្តិ៍ តាមមាត្រា ២៧២និងមាត្រា២៧៣នៃក្រមព្រហ្មទណ្ឌ បន្ទាប់ពីកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសឃាត់ខ្លួន. និង. បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញហើយ ដើម្បីចាត់ ការបន្តទៅតាមច្បាប់កាលពីព្រឹកថ្ងៃទី០៤ មករា ឆ្នាំ២០១៩ ៕