ភ្នំពេញ ៖ តារាចម្រៀង ខេមរៈ ស្រីពៅ បានទទួលមរណភាព នៅម៉ោងប្រមាណ ១រសៀលថ្ងៃសុក្រ ទី២៥ ខែមករា ឆ្នាំ២០១៩នេះ នៅមន្ទីរពេទ្យមួយក្នុងប្រទេសឥណ្ឌា។ នេះបើតាមហ្វេសប៊ុក របស់ លោក ខេមរៈ ភារុណ បងប្រុស ខេមរៈ ស្រីពៅ។
បើយោងតាមទំព័រហ្វេសប៊ុករបស់លោក ខេមរៈ ភារុណ បងប្រុស ខេមរៈ ស្រីពៅ បានសរសេរ ដោយភ្ជាប់ជាមួយរូបថតរបស់ ខេមរៈ ស្រីពៅ ថា ៖ «ប្អូនពៅបងលាយើងទាំងអស់គ្នាហើយ»។ លោកបានរៀបរាប់ថា៖ «ស្រណោះប្អូនពៅបងសែនល្អណាស់ក្នុងលោកនេះ»។
ប្រិយមិត្តជាច្រើនបានជ្រាបជាហូរហែរួចមកហើយ អំពីដំណឹងកញ្ញា ខេមរៈ ស្រីពៅ ដែលជាប្អូនស្រីបង្កើតរបស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានធ្លាក់ខ្លួនឈឺកាលពីប៉ុន្មានឆ្នាំកន្លងមក ប៉ុន្តែ មួយរយៈចុងក្រោយនេះ ក៏លេចលឺព័ត៌មានថា សុខភាពរបស់នាងបានវិលត្រឡប់មកសភាពធម្មតាល្អប្រសើរវិញហើយ ។ តែទោះយ៉ាងនេះក្តី ប៉ុន្មានឆ្នាំចុងក្រោយនេះ គេមិនដែលឃើញវត្តមានរបស់នាងបង្ហាញនៅលើកញ្ចក់ទូរទស្សន៍ ឬកម្មវិធីផ្សេងៗនោះទេ ។
បើតាមក្រុមគ្រួសាររបស់លោក ខេមរៈ សិរីមន្ត បានបញ្ជាក់ថា តាមការពិត ខេមរៈ ស្រីពៅ មានជំងឺសួត និងក្រលៀនធ្ងន់ធ្ងរ យូរណាស់មកហើយ ប៉ុន្តែក្រុមគ្រួសារ មិនសូវជាចាប់អារម្មណ៍ប៉ុន្មាននោះទេ ពោលគឺទើបតែរយៈពេល២ខែនេះ នាងមានអាការៈធ្ងន់ធ្ងរ ទើបក្រុមគ្រួសារ សម្រេចបញ្ជូនទៅព្យាបាលនៅប្រទេសឥណ្ឌា ប៉ុន្តែជាអកុសលក្រុមគ្រូពេទ្យ មិនអាចជួយសង្គ្រោះជីវិតរបស់នាងបានឡើយ។
សូមជម្រាបថា ខេមរៈ ស្រីពៅ ជាប្អូនស្រីរបស់តារាចម្រៀង លោក ខេមរៈ សេរីមន្ត ។ កញ្ញា ខេមរៈ ស្រីពៅ មានជំងឺជាប់កាយ អស់រយៈពេល ៤ឆ្នាំមកហើយ។ ប៉ុន្តែ យើងទាំងអស់គ្នាពិតជាស្ទើរតែមិនគួរឲ្យជឿសោះ ដែលថ្មីៗនេះ ស្រាប់តែលេចលឺដំណឹងដ៏សោកសៅបំផុតចេញពីបងប្រុសរបស់ នាងថា ខេមរៈ ស្រីពៅ បានលាចាកលោកហើយ៕