រដ្ឋបាល​រាជធានី នឹង​ចាត់វិធានការ​លើ​ការរំលោភ​ចិញ្ចើមផ្លូវ នៅ​ចុងខែ​ក្រោយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 January, 2019 ក+ ក-

​ភ្នំពេញ ៖ រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ បាន​ទុកពេល​១​ខែ គិត​ចាប់ផ្ដើម​ពីថ្ងៃ​ទី ២២ ខែមករា នេះ​តទៅ ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ធ្វើយ៉ាងណា​បញ្ឈប់​ការរំលោភ​លើ​ដងផ្លូវ និង​ចិញ្ចើមផ្លូវ​សាធារណៈ បើ​ពុំ​ដូច្នោះ​ទេ នឹងត្រូវ​ប្រឈម​ចំពោះ​ការបិទ​អាជីវកម្ម ផ្អាក​ការដ្ឋាន ដកហូត​សម្ភារ និង​រុះរើ​សំណង់ ឬ​អាច​ត្រូវ​ប្រឈម​ទៅនឹង​ផ្លូវច្បាប់​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពីដើម​សប្តាហ៍​នេះ​។​

​យោងតាម​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​សាលា​រាជធានី បាន​បង្ហាញថា ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់​លំនៅឋាន ម្ចាស់​អាជីវ​កម្មដ្ឋាន ម្ចាស់​ការដ្ឋាន អ្នកគ្រប់គ្រង​មន្ទីរពេទ្យ គ្រឹះស្ថាន​អប់រំ អគារ​សាធារណៈ វិស័យ​ឯកជន និង​អ្នកប្រើប្រាស់​ផ្លូវថ្នល់​ទាំងអស់​ត្រូវ​កែសម្រួល និង​រៀបចំ​ទីតាំង​របស់ខ្លួន ឱ្យបាន​ត្រឹមត្រូវ ស្របតាម​ខ្លឹមសារ​ណែនាំ ដូចជា ត្រូវ​ចៀសវាង​ដាច់ខាត ការឈប់ ឬ​ចត​យានជំនិះ​នៅ​កន្លែង​ហាមឃាត់​ដូចជា នៅលើ​ទ្រូងផ្លូវ ចិញ្ចើមផ្លូវ ដែល​ទុក​បម្រុង​សម្រាប់​អ្នក​ថ្មើរជើង​។ ហាម​ដាច់ខាត ម្ចាស់​ការដ្ឋាន​សំណង់​គ្រប់​ប្រភេទ ធ្វើការ​ហ៊ុមព័ទ្ធ​ការដ្ឋាន​លើ​ចិញ្ចើមផ្លូវ​លើសពី ១ ភាគ ៣ ប្រើប្រាស់​ទ្រូងផ្លូវ​ដាក់​សម្ភារ​សំណង់​របស់ខ្លួន ដូចជា ដែក ខ្សាច់ ក្រួស ថ្ម​។ រថយន្ត​ដឹកទំនិញ​ធុន​ធំ រថយន្ត​កុងតឺន័រ រថយន្ត​បាញ់​បេតុង និង​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍ ត្រូវ​ចេញចូល​ក្រុង​ដោយ​គោរព​តាម​ការណែនាំ​របស់​រដ្ឋ​បាល​រាជធានី​ភ្នំពេញ និង​ចៀសវាង​ការប្រើប្រាស់​ទ្រូងផ្លូវ​ក្នុង ការលើកដាក់​ផ្ទេរ​ទំនិញ បាញ់​បេតុង ឬ​ឈប់​សំចត ដោយ​អនាធិបតេយ្យ​។

​សេចក្តីជូនដំណឹង​ក៏បាន​បញ្ជាក់​ផងដែរ​ថា ការរៀបចំ​សម្ភារ ទំនិញ ម៉ូតូ និង​រថយន្ត​ដាក់តាំង លក់ អាច​ប្រើប្រាស់​ចិញ្ចើមផ្លូវ​ត្រឹម ១ ភាគ ៣ ជា​លក្ខណៈ​បណ្ដោះអាសន្ន ហើយ ២ភាគ៣ សម្រាប់​ថ្មើរជើង និង​ចរាចរណ៍​។ រាល់​ការប្រើប្រាស់​ចិញ្ចើមផ្លូវ​ជាទី​តាំង​ផ្ញើ​កង់​ម៉ូតូ មិនត្រូវ​លើសពី ១ ភាគ ៣ នៃ​ចិញ្ចើមផ្លូវ​ឡើយ​។​

​ប៉ុន្តែ​សេចក្ដីជូនដំណឹង​នេះ​បញ្ជាក់ថា ចិញ្ចើមផ្លូវ​នៅតែ​អាច​យកទៅ​ប្រើប្រាស់​បា​នស​ម្រា​ប់​បម្រើ​សកម្មភាព​មួយចំនួន​ដូចជា ការធ្វើ​ចរាចរណ៍​ដោយ​ថ្មើរជើង ធ្វើ​សកម្មភាព​វប្បធម៌ កីឡា ការតាំងពិព័រណ៍ និង​ពិធីបុណ្យ​ផ្សេងទៀត នៅលើ​ដងផ្លូវ ប៉ុន្តែ​ត្រូវមាន​ការអនុញ្ញាត​ពី​អាជ្ញាធរ​ទៅតាម​កម្រិត​នៃ​ពិធី និង​ភាពចាំបាច់​។​
​គួររំលឹកថា ចាប់ពី​ថ្ងៃទី ១ ខែកក្កដា​ខាងមុខ អាជ្ញាធរ​រាជធានី​ភ្នំពេញ​ក៏​បញ្ឈប់​ការអនុញ្ញាតឱ្យ​មានការ​រៀបចំ​រោងការ និង​រោងបុណ្យ​នៅតាម​ចិញ្ចើមផ្លូវ និង​ទ្រូងផ្លូវ​ទៀតឡើយ ដោយ​តម្រូវឱ្យ​ពលរដ្ឋ​ត្រូវ​ទៅ​ស្វែងរក​ទីតាំង​សមស្រប​ណាមួយ ដូចជា​នៅក្នុង​វត្ត​អារាម ឬ​រក​ទីតាំង​ឯកជន​៕