ភ្នំពេញ ៖ លោក វ៉ាស៊ីម សូរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានបានអះអាងថា គម្រោងសាងសង់ ស្ពានឆ្លងពីជ្រោយចង្វារទៅកាន់តំបន់ស្វាយជ្រុំ មិនអាចដំណើរបាននៅឡើយទេ ក្រោយពីប្រគល់សិទ្ធិឲ្យប្រទេសកូរ៉េខាងត្បូង ធ្វើការសិក្សា បន្ទាប់ពីបញ្ចប់ការសិក្សាដោយក្រុមហ៊ុនរបស់ចិន។ នេះបើតាមារផ្សាររបស់ទីភ្នាក់ងារ សារព័ត៌មាន កម្ពុជា AKP កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩។
លោក វ៉ាស៊ីម សូរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា គម្រោងសាងសង់ ស្ពានជ្រោយចង្វារ-ស្វាយជ្រុំ ត្រូវបានភាគីចិនសិក្សាចប់ម្តងរួចមកហើយ ។ ប៉ុន្តែបច្ចុប្បន្ននេះ ស្ថិតក្រោមការសិក្សាគម្រោងរបស់ភាគីប្រទេសកូរ៉េខាងត្បូងវិញម្តង ដែលការសិក្សានេះ ក៏មិនដឹងចប់ពេលណាដែរ។
សូមរំឭកថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានប្រកាស ក្នុងឱកាសអញ្ជើញសម្ពោធបើកដាក់ឲ្យប្រើប្រាស់ផ្លូវ ៦០ម៉ែត្រ កាលពីឆ្នាំ២០១៧ ដោយបានលើក ឡើងពីគម្រោងសាងសង់ស្ពានភ្ជាប់រវាងតំបន់ក្តីតាកុយ ភ្ជាប់ទៅកាន់តំបន់អរិយក្សត្រ និងពីផ្លូវកែវ ចិន្តា នាតំបន់ជ្រោយចង្វារ ភ្ជាប់ទៅកាន់តំបន់ស្វាយជ្រុំ ស្ថិតក្នុងឃុំស្វាយជ្រុំ ស្រុក ល្វាឯម ខេត្តកណ្តាល នាអំឡុងឆ្នាំ២០១៩នេះ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ កន្លងទៅនេះ បានឲ្យដឹងដែរថា កូរ៉េខាងត្បូង បានយល់ព្រមទទួលសំណើរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការជួយសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ទន្លេមេគង្គ ពីរាជធានីភ្នំពេញទៅត្រើយម្ខាង៕