ព្រះវិហារ៖អ្នកភូមិដែលមានជម្លោះដីធ្លីប្រមាណជាង៣០០នាក់ មកពីស្រុកទាំង៧នៃខេត្តព្រះវិហារ នៅព្រឹកថ្ងៃពុធនេះ បានមកប្រមូលផ្ដុំគ្នាមុខសាលាខេត្តជាថ្មី ដើម្បីទាមទារឲ្យមានដំណោះស្រាយជម្លោះដីធ្លីជាមួយអ្នកមានលុយ មានអំណាចនៅក្នុងខេត្តនេះ ដែលអូសបន្លាយជាច្រើនឆ្នាំមកហើយ ។
ក្រុមអ្នកមានទំនាស់ដីធ្លី ទាំងជនជាតិដើមភាគតិច និងមិនមែនជនជាតិដើមភាគតិច ដែលបាននាំគ្នាឡើងទៅតវ៉ាតាំងពីម្សិលមិញនោះ បានចាប់ផ្ដើមនាំគ្នាដើរដង្ហែក្បួនដោយមានលើកបដាផង ចាប់ពីម៉ោងប្រមាណ៦ព្រឹកម៉ិញនេះ ឆ្ពោះទៅកាន់សាលាខេត្តព្រះវិហារជាថ្មី ដើម្បីបន្តធ្វើការទាមទារឲ្យអាជ្ញាធ ររកដំណោះស្រាយឲ្យខ្លួន ។
គេបានដឹងថា បញ្ហាទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ ទាំងជនជាតិដើមភាគតិច និងមិនមែនជនជាតិដើមភាគតិចជាមួយក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច បានអូសបន្លាយជាច្រើនឆ្នាំ រហូតមកទល់ពេលនេះមិនទាន់មានដំណោះស្រាយនៅឡើយ ។
គួរបញ្ជាក់ថា តាមគម្រោង ប្រជាពលរដ្ឋជាង២០០០នាក់មកពីបណ្ដាស្រុកទាំង៧ នៃខេត្តព្រះវិហារ គ្រោងជួបជុំគ្នារយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី២ និងទី៣ ខែមិថុនានេះ ដើម្បីទាមទារឲ្យអាជ្ញាធរខេត្តដោះស្រាយផលប៉ះពាល់ដីធ្លី ស្រែ ចម្ការ និងដីលំនៅដ្ឋានឲ្យប្រជាពលរដ្ឋនៅទូទាំងខេត្ត ៕
ក្រុមប្រជាពលរដ្ឋប្រមូលផ្ដុំគ្នាសាជាថ្មីនៅមុខសាលាខេត្តព្រះវិហារ នៅព្រឹកថ្ងៃពុធនេះ