ខេត្តព្រះសីហនុ ៖ ត្រីបានឡែនដ៏ធំ ១ក្បាល ត្រូវបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រទះឃើញបង្ហាញខ្លួន នៅក្នុងដែនសមុទ្រក្បែរកោះរ៉ុង ដែលជាកោះទេសចរដ៏ល្នីឈ្មោះរបស់ប្រទេសកម្ពុជា កាលពីថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០១៩ នាខេត្តព្រះសីហនុ។
ការបង្ហាញខ្លួនត្រីបាឡែន១ក្បាលនេះ បានធ្វើឲ្យភ្ញៀវទេសចរមាន ការចាប់អារម្មណ៍ និងបង្ហាញការរីករាយយ៉ាងខ្លាំង នៅពេលពួកគេបានប្រទះឃើញត្រីបាឡែន ដ៏ធំ១ក្បាល ដែលមិនធ្លាប់បានឃើញដោយផ្ទាល់ភ្នែកពីមុនមកនោះទេ នៅសមុទ្រនៃប្រទេសកម្ពុជា។
ទាក់ទិនបញ្ហានេះ លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដព្រះសីហនុ មានប្រសាសន៍ថា បន្ទាប់ពីបានទទួលព័ត៌មានជុំវិញត្រីបាឡែន១ក្បាលបង្ហាញខ្លួន នៅក្បែរកោះរ៉ុងសន្លឹម ភ្លាមៗនោះ លោកក៏បានប្រាប់ទៅប្រជាសហគមន៍នេសាទនៅតំបន់នោះ និងប្រជានេសាទទាំងអស់ មិនឲ្យចូលមកក្បែរ ឬនេសាទត្រីបាឡែននោះជាដាច់ខាត ព្រោះវាជាប្រភេទត្រីកម្រ និងស្លូតបូតណាស់។ លោក្ថា ក្នុងច្បាប់ជលផល ក៏ហាមឃាត់មិនឲ្យនេសាទ ឬចាប់ត្រីកម្រប្រភេទនេះដែរ។
ទន្ទឹមគ្នានេះ លោក នេន ចំរើន ក៏បានសំណូមពរដល់ប្រជាសហគមន៍នេសាទ ឲ្យជួយតាមដានមើល និងការពារត្រីបាឡែន១ក្បាលនេះ ឲ្យបានល្អផង ទុកសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលចូលមកលេងខេត្តព្រះសីហនុទស្សនាកម្សាន្ដ។
ចំណែកលោក កៅ មុន្នីរិទ្ធ នាយរងអធិការដ្ឋានរដ្ឋបាលជលផលសមុទ្រ ក៏បានឲ្យដឹងដែរថា ត្រីបាឡែននេះ គឺជាប្រភេទសត្វ ឬត្រីកម្រ និងត្រូវបានច្បាប់អភិរក្ស ហាមមិនឲ្យធ្វើនេសាទទេ។ លោកបន្តថា ត្រីប្រភេទនេះ គឺជាប្រភេទត្រីបាឡែន ដែលមានឈ្មោះជាភាសាបច្ចេកទេសថា ត្រីបាណន់គីង្គក់ ឬជាភាសាអង់គ្លេសថា Whale Shark (អម្បូរ Rhincodontidae)។
លោក កៅ មុន្នីរិទ្ធ ឲ្យដឹងដូច្នេះ រួចបញ្ជាក់ថា កាលពីជាង ៣ខែ កន្លងទៅ ប្រភេទត្រីបាឡែន ខាងលើនេះ វាបានបង្ហាញខ្លួនម្ដងដែរ នៅតំបន់ក្បែរប្រជុំកោះរ៉ុង និងកោះរ៉ុងសន្លឹមនេះដែរ។ លោកថា ការបង្ហាញខ្លួនរបស់ត្រីបាឡែន នៅដែនសមុទ្រក្នុងតំបន់ខាងលើនេះ ទំនងជាដោយសារវាតាមរកចំណីរបស់វា ព្រោះតំបន់នេះសម្បូរទៅដោយជីវសមុទ្រចម្រុះ ផ្កាថ្ម ជាពិសេស សត្វគី (កូនត្រីតូចៗ ដែលគេយកធ្វើកាពិ) និងស្មៅសមុទ្រ ដែលជាចំណីអាហារចាំបាច់របស់ត្រីប្រភេទនេះ។
លោក មុន្នី រិទ្ធ ឲ្យដឹងបន្តថា ត្រីបាឡែននេះ មានប្រវែងប្រមាណ ៧ម៉ែត្រ និងមានទម្ងន់ប្រមាណ ១តោន ហើយវាធ្វើដំណើរតាមសមុទ្រគ្រប់ទីកន្លែងទូទាំងពិភពលោក ដែលមានចំណីរបស់វា។ លោក ថា បានជាត្រីបាឡែនខាងលើនេះ បង្ហាញខ្លួននៅចន្លោះចំណុចកោះរ៉ុង និងកោះរ៉ុងសន្លឹមនេះ ពីព្រោះថា នៅតំបន់កោះទាំងពីរនោះ សម្បូរទៅដោយជីវចម្រុះសម្រាប់ជាចំណីរបស់វា។ ម្យ៉ាងទៀតតំបន់នោះ ក៏ត្រូវបានក្រសួងបរិស្ថាន និងរាជរដ្ឋាភិបាលកម្ពុជា កំពុងរៀបចំធ្វើជាតំបន់អភិរក្សឧទ្យានសមុទ្រ ឬឧទ្យានបាតសមុទ្រ នៅខេត្តព្រះសីហនុ ផងដែរ៕