ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៣មិថុនានេះ ព្រះរាជពិធីដង្ហែព្រះរាជបរមងារកិត្តិយស “ព្រះស្រីលោកធម្មិករាជ” ថ្វាយព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធឡើងយ៉ាងអធិកអធម ។
ពិធីថ្វាយព្រះរាជបរមងារកិត្តិយស “ព្រះស្រីលោកធម្មិករាជ” ថ្វាយព្រះមហាក្សត្រនាព្រឺកនេះ មានព្រះសង្ឃ ចូលរួមចំនួន ១ម៉ឺនអង្គ ក្នុងនោះក៏មានការចូលរួមដោយ សម្តេចគណៈសង្ឃ ព្រះមេគណ ប្រធានមន្ទីរធម្មការ និងសាសនា គ្រប់ខេត្ត-រាជធានី និងក្រសួងស្ថាប័នចំនួន ៥៧ផងដែរ ដោយគង់នៅមុខព្រះបរមរាជវាំង ដើម្បីអបអរសាទរ។ បន្ទាប់ពីថ្វាយព្រះរាជគោរមងាររួច ក៏មានពិធីរាប់បាត្រព្រះសង្ឃ ១ម៉ឺនអង្គ នៅមុខព្រះបរមរាជវាំង។
ចំពោះព្រះសង្ឃ ដែលមកចូលរួមក្នុងពិធីថ្វាយព្រះរាជបរមងារកិត្តិយស “ព្រះស្រីលោកធម្មិករាជ” ថ្វាយព្រះមហាក្សត្រ មកពីប្រទេសជប៉ុន ម៉ុងហ្គោលី និងប្រទេសសឹង្ហបុរី។ព្រះរាជបរមងារកិត្តិយស “ព្រះស្រីលោកធម្មិករាជ” ថ្នាក់អន្តរជាតិនេះ ត្រូវបានបង្កើតឡើង នៅក្នុងពិធីប្រជុំព្រះពុទ្ធសាសនា លើពិភពលោក នៅប្រទេសជប៉ុន កាលពីខែធ្នូ ឆ្នាំ២០១៤៕