ភ្នំពេញ ៖ កម្ពុជា បញ្ជូនកងវិស្វកម្មកម្លាំងមួកខៀវលេខ៦៩៣ ចំនួន១៨៤នាក់ ចេញទៅបំពេញបេសកកម្ម របស់អង្គការសហប្រជាជាតិ នៅសាធារណៈរដ្ឋលីបង់ ដើម្បីធ្វើការប្តូរវេនកម្លាំងចាស់ក្នុង បំណងស្វែ ងរកសន្តិភាពសំរាប់ប្រទេសមួយនេះ។
ក្នុងពិធីជូនដំណើរកងកម្លាំងវិស្វកម្មនៅយប់ថ្ងៃទី២៧ ខែមករា នៅអាកាសយានដ្ឋានអន្តេរជាតិភ្នំពេញ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងអគ្គនាយក មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ថ្លែងថា “នេះជាលើកទី៤០ហើយដែលកម្ពុជាបញ្ជូនកម្លាំង ទៅចូលរួម បំពេញបេសកកម្មក្រោមឆ័ត្រ អង្គការសហប្រជាជាតិ និងជាលើកទី៩ ចូលរួមបេសកកម្មនៅសាធារណៈ រដ្ឋលីបង់ ដើម្បីស្វែងរកសន្តិភាពជូនប្រទេសនេះ។
កម្លាំងមួកខៀវកម្ពុជាចេញទៅបំពេញបេសកកម្មនេះ គឺបញ្ជូនទៅដើម្បីប្តូរកម្លាំងចាស់ដែលបានបញ្ចប់បេសកកម្មរយៈពេល១ឆ្នាំ នៅខែមករានេះដែរ ដែលពួក គេនឹងមកដល់មាតុភូមិវិញនៅថ្ងៃទី២៩ ខែមករា នេះ”។
កងវិស្វកម្មទាំង១៨៤នាក់ត្រូវចេញទៅបំពេញបេសកកម្មនេះ នាយឧត្តមសេនីយ៍ បញ្ជាក់ថា “ ក៏មានអមដោយកម្លាំងដោះមីនផងដែរ គឺជាកម្លាំងបានទទួលវគ្គហ្វឹកហ្វឺនជំនាញត្រឹមត្រូវតាមស្តង់ដារបស់ អង្គការសហប្រជាជាតិ ដែលកម្លាំងទាំងនោះមានមកពីស្ថាប័ន ចំណុះផ្ទាល់ក្រសួងការពារជាតិ កម្លាំងចំណុះមជ្ឈមណ្ឌលជាតិ អគ្គបញ្ជាការដ្ឋាន បញ្ជាការដ្ឋានទ័ពជើងទឹក បញ្ជាការដ្ឋានកងទ័ពអាកាស បញ្ជាការដ្ឋានជាតិប្រឆាំងភេវរកម្ម និងពីស្ថាប័នទ័ពមួយចំនួនទៀត។
បច្ចុប្បន្នកម្ពុជាមានកម្លាំងចំនួនជិត១០០០នាក់ ដែល កំពុងបំពេញបេសកកម្មនៅប្រទេសចំនួន៥ រួមមាន ប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង អាហ្វ្រិកកណ្តាល លីបង់ និងម៉ាលី ហើយកម្លាំងមួកខៀវទាំងអស់នេះ ដែលធ្វើអោយប្រទេសកម្ពុជា ជាប្រទេសបរិច្ចាគ កម្លាំងរក្សាសន្តិភាពច្រើនជាងគេលំដាប់ទី២នៅក្នុងតំបន់អាស៊ាន៕