ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ នេះ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានប្រជុំបូកសរុបសភាពការណ៍លទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខសង្គម ការងារនគរបាល និងសហគមន៍ប្រចាំខែមករា និងលើកទិសដៅបន្តខែកុម្ភៈ ឆ្នាំ២០១៩ ។
កិច្ចប្រជុំនេះធ្វើឡើង ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី ស្នងការរង លោកអនុប្រធានផែនជំនាញ លោក លោកស្រី នាយ នាយរងការិយាល័យ លោកនាយផ្នែកនគរបាលបេតិកភ័ណ្ឌ លោកអធិការ អធិការរងនគរបាលស្រុក ក្រុង ទាំង១០លោកនាយប៉ុស្តិ៍ ទាំង១០៩នាក់។
លោកវរសេនីយ៍ទោ វ៉ា សុធារ៉ា ស្នងការរងទទួលផែនការងារសេនាធិការ បានអានរបាយការណ៍បូកសរុបសភាពការណ៍សង្ខេបនៃកិច្ចប្រតិបត្តិការប្រចាំខែមករា ឆ្នាំ២០១៩ ដោយបានបញ្ជាក់ថា សភាពការណ៍សន្តិសុខក្នុងភូមិសាស្ត្រ ខេត្តកំពង់ចាម ពុំមានអ្វីកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ធ្វើការកោតសរសើរដល់នគរបាលទាំងអស់ ដែលកន្លងមកបានយកចិត្តទុកដាក់បំពេញភារកិច្ចក្នុងកិច្ចប្រតិបត្តិការរក្សាសន្តិសុខសណ្តាប់ធ្នាប់ សង្គមបានល្អ ធ្វើអោយប្រជាពលរដ្ឋមានទំនុកចិត្តលើសមត្ថកិច្ច និងជាមោទនភាពរបស់ស្នងការខេត្តកំពង់ចាម។
ក្នុងនោះដែរ លោកស្នងការបានដាក់បទបញ្ជាឱ្យប៉ុស្តិ៍នគរបាលរដ្ឋបាល ផ្សព្វផ្សាយ បង្រៀនណែនាំឱ្យប្រជាពលរដ្ឋ យល់ដឹងពីច្បាប់ ភូមិ ឃុំ មានសុវត្ថិភាព ជាពិសេស ចលនាប្រជាពលរដ្ឋឱ្យចូលរួមធ្វើប្រជាការពារនៅតាម ភូមិនីមួយៗ ឱ្យមានការកើនឡើង និងដោះស្រាយបទល្មើសដែលនៅសេសសល់ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ សាធារណៈ ឱ្យបានល្អបន្តទៀតតាមជំនាញ និងតួនាទីរៀងៗខ្លួន។ ជាមួយនោះលោកឧត្តមសេនីយ៍ស្នងការបានណែនាំ និងពង្រឹងការងារជំនាញដល់មន្ត្រីនគរបាលទាំងអស់ឱ្យកាន់តែយល់ដឹងបន្ថែមដើម្បីយកទៅអនុវត្តភារកិច្ចបានចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់៕ ដោយ ៖ សុផល