អាជ្ញាធរខេត្តមណ្ឌលគិរី ចុះពិនិត្យ កន្លែងដែលខ្មាន់កាំភ្លើងបាញ់មន្ត្រី អនុរក្សរងរបួស
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 February, 2019 ក+ ក-

ខេត្តមណ្ឌលគិរី ៖ លោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី កាលពី ថ្ងៃព្រហស្បតិ៍ ទី៣១ ខែមករា ឆ្នាំ២០១៩ម្សិលមិញ បានដឹកនាំ គណៈបញ្ជាការ ឯកភាព ខេត្ត ចុះទៅពិនិត្យទីតាំងកើតហេតុដោយផ្ទាល់ ករណីខ្មាន់កាំភ្លើងប្រដាប់ ដោយអាវុធ អាកា បាញ់រះមកលើក្រុមអនុវត្តច្បាប់នៃដែនជម្រកសត្វព្រៃស្រែពក ហើយបានបណ្ដាលឲ្យមន្រ្តីឧទ្យានុរក្សចំនួន១រូបរងរបួសត្រូវបានដឹកយកទៅសង្រ្គោះភ្លាមៗ នៅមន្ទីរពេទ្យកាល់ម៉ែតក្នុងរាជធានីភ្នំពេញ។

លោក ស្វាយ សំអ៊ាង បានសម្ដែងនូវការសោកស្ដាយចំពោះព្រឹត្តិការណ៍ដែលបានកើតឡើង នៅគ្រាដែលលោក មានភារកិច្ចចូលរួមកិច្ចប្រជុំនៅក្នុងរាជធានីភ្នំពេញ។ ភ្លាមៗបន្ទាប់ពីទទួលដំណឹងនេះ លោកអភិបាលខេត្តបានចាត់ក្រុមការងារឲ្យចុះទៅជួយរៀបចំនិងសាកសួរសុខទុក្ខជនរងគ្រោះដោយផ្ទាល់នៅបន្ទប់សង្រ្គោះក្នុងរាជធានីភ្នំពេញ ដ្បិតលោកផ្ទាល់កំពុងមានភារកិច្ច ហើយក៏បានធ្វើដំណើរមកកាន់ខេត្តមណ្ឌលគិរីវិញភ្លាមៗផងដែរ។

ក្នុងឱកាសនោះលោកអភិបាលខេត្តក៏បានជួបសំណេះសំណាលជាមួយមន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃស្រែពក និងកម្លាំងនគរបាលរបស់ស្នងការដ្ឋាននគរបាលខេត្ត កម្លាំងប្រតិ បត្តិការសឹករងខេត្ត ភ្នាក់ងារល្បាតសហគមន៍ និងក្រុមការងាររបស់អង្គការ WWF ដែលធ្វើ កិច្ចការនិងគាំទ្រទៅលើផ្នែកបច្ចេកទេសនៅក្នុងដែនជម្រកសត្វព្រៃស្រែពកនេះផងដែរ៕