ភ្នំពេញ ៖ ស្ត្រីម្នាក់បានសម្រេចចិត្តមកលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វា ដោយសារ តែចាញ់បោកគេតាម Facebook អស់លុយជិត២០ម៉ឺនដុល្លារ។ ប៉ុន្តែត្រូវ បានអ្នកនេសាទជួយសង្គ្រោះទាន់ពេលវេលា។
ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកើតឡើងនៅវេលាម៉ោង១២ និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១ ខែកុម្ភ: ឆ្នាំ២០១៩ នៅលើស្ពានជ្រោយចង្វា ក្នុងសង្កាត់ស្រះចក ខណ្ឌដូន ពេញ រាជធានីភ្នំពេញ ។ សមត្ថកិច្ច ឲ្យដឹងថា ស្ត្រីរងគ្រោះមានអាយុ៣៩ឆ្នាំ ស្នាក់នៅម្ដុំជម្ពូ វ័ន្ត មានស្រុកកំណើតនៅស្រុកកងមាស ខេត្តកំពង់ចាម។
ស្ត្រីដែលប៉ុនប៉ងធ្វើអត្តឃាត បានរៀបរាប់ប្រាប់សមត្ថកិច្ច ថា គាត់បានចាញ់បោក ខ្មែរ អាណិកជននៅអាមេរិកម្នាក់ តាមប្រព័ន្ធតាមហ្វេសប៊ុក ដែលឲ្យផ្ញើលុយជាបន្តបន្ទាប់ រហូតអស់លុយជិត២០ម៉ឺនដុល្លារ ។ ប៉ុន្តែក្រោយមកស្រាប់តែប្រព័ន្ធ Facebook នោះ ទាក់ទងអត់បាន ទើបដឹងខ្លួនថា ចាញ់បោកគេ និងត្រូវប្ដីស្ដីបន្ទោសខ្លាំងៗ ហើយដោយ ពិបាកចិត្តគិតអ្វីលែងចេញ គឺចង់តែស្លាប់ ទើបរត់ចេញពីផ្ទះជិះកង់បីឥណ្ឌា តាំងពីម្តុំជម្ពូវ័ន្ត មកលោតទឹកពីលើស្ពានជ្រោយចង្វារថ្មី នាពេលនេះតែម្តង។
យ៉ាងណាក៏ដោយ ស្ត្រីវ័យជាង៣០ឆ្នាំរូបនេះ មិនបានរៀបរាប់លម្អិតពីជីវិតពិត នាពេល បច្ចុប្បន្ននៅកម្ពុជានោះទេ ហើយក៏មិនបានផ្តល់ព័ត៌មាន ពីសាច់រឿងដែលនាំទៅដល់ការ ចាញ់បោកបុរសអាណិកជនខ្មែរនៅសហរដ្ឋអាមេរិកនោះដែរ៕