ភ្នំពេញ៖សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៥នេះ បានបើកសវនាការប្រកាសសាលក្រម លើសំណុំរឿងក្តីព្រហ្មទណ្ឌរបស់ជនជាប់ចោទ២នាក់ប្តីប្រពន្ធ ឧកញ៉ា សុខ រ៉ាថន ពាក់ព័ន្ធនឹងករណីឆបោកលុយ២,៥សែនដុល្លារអាមេរិក។
លោក សុខ រ៉ាថន អតីតអនុប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ ត្រូវបានតុលាការសាលាដភ្នំពេញប្រកាសសាលក្រមផ្ដន្ទាទោសដាក់ ពន្ធនាគាររយៈពេល១២ខែ ពិន័យជាប្រាក់ចំនួន ២លានរៀល និងបង្គាប់ឲ្យសងប្រាក់១០ម៉ឺនដុល្លារអាមេរិក ទៅលោកស្រី មាស សុភារី កូនស្រីរបស់លោកនាយឧត្តមសេនីយ៍ មាស សុភា ពាក់ព័ន្ធនឹងសំណុំរឿងឆបោកប្រាក់ ២,៥សែនដុល្លារអាមេរិក ក្នុងករណីទិញលក់ភូមិគ្រឹះមួយ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីឆ្នាំ២០១៣។
លោក វ៉េង ហ៊ត់ អនុប្រធាននៃសាលាដំបូងរាជធានីភ្នំពេញ និងជាចៅក្រមជំនុំជម្រះ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៥នេះ បានបើកសវនការប្រកាសសាលក្រម លើសំណុំរឿងក្តីព្រហ្មទណ្ឌរបស់ ជនជាប់ចោទប្តីប្រពន្ធចំនួន ២នាក់ ដែលបុរសជាប្តីមានឈ្មោះ សុខ រ៉ាថន ភេទប្រុស អាយុ៤០ឆ្នាំ មានមុខរបរ មុនចាប់ខ្លួនជាពាណិជ្ជករ និងជាអនុប្រធានសភាពាណិជ្ជកម្មប្រចាំ ខេត្តបន្ទាយមានជ័យ និងមានងារជាឧកញ៉ា និងប្រពន្ធមានឈ្មោះ ផាន់ ដាវី ភេទស្រី អាយុ៣៥ឆ្នាំ ជាប់ទាក់ទងនឹងករណីឆរបោកប្រាក់ចំនួន ២,៥លានដុល្លារអាមេរិក ពីភាគីដើមបណ្តឹងម្នាក់ឈ្មោះ មាស សុភារី ភេទស្រី ជាកូនស្រី របស់លោកនាយឧត្តមសេនីយ៍ មាស សុភា អគ្គបញ្ជការរងនៃកងយោធពលខេមរៈភូមិន្ទ តាមរូបភាពខ្ចីលុយរកស៊ី ដោយដាក់បញ្ជាំផ្លង់ផ្ទះវីឡាមួយកន្លែង ស្ថិតនៅក្នុងខណ្ឌចតុមុខ រាជធានីភ្នំពេញ ឲ្យទៅឈ្មោះ មាស សុភារី ក៏ប៉ុន្តែក្រោយមកពួកគេបានផ្ទេរកម្មសិទ្ធិរបស់ខ្លួន និងផ្ទះវីឡានោះ លក់់បន្តទៅឲ្យភាគីទី២ ម្នាក់ទៀត ដោយមិនឲ្យភាគីដើមបណ្តឹងបានដឹង ប្រព្រឹត្តិកាលពីឆ្នាំ២០១៣។
តុលាការបានសម្រេចផ្តន្ទាទោស លោកឧកញ៉ា សុខ រ៉ាថន ដាក់ពន្ធនាគារកំណត់១២ខែ ពិន័យជាប្រាក់ចំនួន ២លានរៀល និងបង្គាប់ឲ្យសងប្រាក់ចំនួន ១០ម៉ឺនដុល្លារអាមេរិក ទៅភាគីដើមបណ្តឹងឈ្មោះ មាស សុភារី។ ចំណែកឯប្រពន្ធរបស់គាត់ ត្រូវតុលាការបានទុកសិទ្ធិឲ្យដើមបណ្ដឹង រដ្ឋប្បវេណីគឺលោកស្រីមាស សុភារី ប្ដឹងទាមទារប្រាក់ចំនួន២,៥សែនដុល្លារអាមេរិកទៅតុលាការរដ្ឋប្បវេណីវិញ៕
លោក សុខ រ៉ាថន អតីតអនុប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ