វៀតណាម៖ក្នុងជំនួបរដ្ឋមន្ដ្រីការពារ ជាតិ អាម៉េរិក Ashton Carter និងសមភាគីវៀតណាម លោក Phung Quang Thanh នៅក្រុងហាណូយកាលពីថ្ងៃចន្ទ បានចុះហត្ថលេខាលើសេចក្ដីប្រកាសទស្សនវិស័យមួយ ដើម្បីជាសេចក្ដីណែនាំតម្រង់ទិសដៅសហប្រតិបត្ដិការយោធាទៅថ្ងៃអនាគត ។
កាលពីថ្ងៃចន្ទ ដើមសប្ដាហ៍នេះ សហរដ្ឋអាមេរិក និងវៀតណាម បានប្រកាសឲ្យដឹងនូវកិច្ចព្រមព្រៀងសហការវិស័យយោធាគួរឲ្យភ្ញាក់ផ្អើល ខណៈដែលកន្លងមកពួកគេជាអតីតប្រទេសបច្ចាមិត្ដ ។
កិច្ចព្រមព្រៀងនេះលោក Ashton Carter បាននិយាយថា សហរដ្ឋអាមេរិកនឹងជួយវៀតណាមត្រៀមចាប់ផ្ដើមក្នុងការចូលរួមប្រតិបត្ដិការរក្សាសន្ដិភាពរបស់អង្គការសហប្រជាជាតិ។
ព័ត៌មានក្នុងស្រុកក៏បានរាយការណ៍ដែរថាលោក Ashton Carter បានសន្យាផ្ដល់ប្រាក់១៨លានដុល្លារអាមេរិកដើម្បីជួយវៀតណាមទិញនាវាយាមល្បាតមួយចំនួនដែលផលិតនៅអាមេរិក។
ជំនួបរវាងមន្ដ្រី ការពារជាតិជាន់ខ្ពស់នៃប្រទេសទាំងពីរបានធ្វើឡើងមួយថ្ងៃបន្ទាប់ ពីលោក Ashton Carter បានទៅទស្សនកិច្ចនៅទីស្នាក់ការកណ្ដាលកងទ័ពជើងទឹកវៀតណាម និងបញ្ជាការដ្ឋានឆ្នាំយាមល្បាតឆ្នេរសមុទ្ទនៅក្រុងកំពង់ផែ Hai Phong។
ក្នុងដំណើរទស្សនកិច្ច១១ថ្ងៃនៅតំបន់អាស៊ីប៉ាស៊ីហ្វិក លោក Ashton Carter គឺជារដ្ឋមន្ដ្រីការពារជាតិអាមេរិកដំបូងគេដែលបានទៅទស្សនកិច្ចនៅ ទីស្នាក់ការកណ្ដាលកងទ័ពជើងទឹកវៀតណាម។ នេះក៏ជាលើកទី២ដែរដែលលោកបានធ្វើដំណើរទៅអាស៊ីបន្ទាប់ពីបាន ឡើងកាន់តំណែងជារដ្ឋមន្ដ្រីការពារជាតិអាម៉េរិកនៅដើមឆ្នាំនេះ៕
Ashton Carter រដ្ឋមន្ដ្រីការពារជាតិអាម៉េរិកធ្វើទស្សនកិច្ចទៅវៀតណាម (Credit: Reuters)