ភ្នំពេញ៖នៅថ្ងៃពុធនេះ សាស្ដ្រាចារ្យទស្សនៈវិជ្ជា លោក ស៊ន តារា បានដាក់បណ្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ ប្តឹងលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ ពីបទជេរប្រមាថសាធារណៈ និងញុះញង់ឲ្យមានការរើសអើង។
ក្នុងពាក្យបណ្តឹងរបស់លោក ស៊ន តារា ដែលកំពុងជាប់បណ្តឹងនៅតុលាការដែរនោះបានឲ្យដឹងថាកាលពីខែសីហា និងតុលា ឆ្នាំ២០១៤ លោក ខឹម វាសនា បាននិយាយក្នុងវេទិកាសាធារណៈ បានជេរប្រមាថរូបលោក ដោយពាក្យអសុរសធ្ងន់ធ្ងរ មានដូចជា«អាឈាមឆ្កែ ជាកំពូជថោក អាអាចម៌ មុខហ្អែងដូចអាចម៌ អាសំគីស អាសណ្តានឈាមឈ្លើង…»។
គួររំឭកថា ថ្មីៗនេះ លោក ស៊ន តារា ត្រូវលោក ឆឺយ ប៊ុនធឿន ក្នុងនាមគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ប្ដឹងពីបទបរិហារកេរ្ដិ៍ និងបទញុះញង់ឲ្យមានការរើសអើង និងទាមទារប្រាក់សំណង៣ម៉ឺនដុល្លារ ទាក់ទិននឹងការបង្ហោះព័ត៌មានលើបណ្ដាញសង្គមហ្វេសប៊ុក ចោទប្រកាន់គណបក្សនេះថាកេងចំណេញនយោបាយនៅក្នុងពិធីបុណ្យសពសកម្មជន របស់ខ្លួន។
នៅក្នុងពាក្យបណ្តឹងនោះ លោក ស៊ន តារា បានលើកឡើងការពីការជេរប្រមាថផ្សេងៗទៀត ដោយលោកបានចោទលោក ខឹម វាសនាថាបានជេរប្រមាថមកលើរូបលោក។ លោក ស៊ន តារា បានភ្ជាប់ខ្សែវីដេអូក្លីបនៃវេទិកាតាមមូលដ្ឋានទាំងនោះ ដាក់ទៅតុលាការផងដែរ៕K
សាស្ដ្រាចារ្យទស្សនៈវិជ្ជា លោក ស៊ន តារា(ធ្វេង) និងលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ