ភ្នំពេញ ៖ ជនភេទទី៣ ឈ្មោះ យិន ហេង មានរហស្សនាមថា «ចំប៉ីខ្មៅ» នៅថ្ងៃទី៦ ខែកុម្ភៈ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឲ្យឃុំខ្លួននៅពន្ធនាគារព្រៃ ស ក្រោមការ ចោទប្រកាន់ពីបទ «ញុះញង់ឲ្យមានការរើសអើង» ពាក់ព័ន្ធនឹងករណីបង្ហោះវីដេអូ លើ បណ្តាញសង្គម Facebook ដោយបានធ្វើការប្រមាថជាតិសាសន៍ខ្មែរយ៉ាងធ្ងន់ធ្ងរ។ តាម មាត្រាច្បាប់របស់កម្ពុជា បទល្មើសនេះ អាចប្រឈមនឹងការជាប់ពន្ធនាគារពី១ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ៦លានរៀល។
សមត្ថកិច្ចខណ្ឌដូនពេញ កាលពីថ្ងៃទី៦ ខែកុម្ភៈ បានបញ្ជូនខ្លួនជនភេទទី ៣ «ចំប៉ីខ្មៅ» ទៅ សាលាដំបូងរាជធានី បន្ទាប់ពីជននេះបានបង្ហោះវីដេអូ មួយ ដែលប្រើពាក្យពេចន៍ជេរ ប្រមាថជាតិសាសន៍ខ្មែរយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីយុវជនមិនស្គាល់អត្តសញ្ញាណ ៣នាក់ផ្សេង ទៀត បានជិះម៉ូតូមកខោកក្បាលរូបគេពីក្រោយ។
លោក លី សុផាន់ណា ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញបានថ្លែងថា តំណាង អយ្យការបានសម្រេចបើកការស៊ើបសួរ ដោយចោទប្រកាន់លើឈ្មោះ យិន ហេង ពីបទ «ញុះញង់ឲ្យមានការរើសអើង» តាមមាត្រា ៤៩៤ និងមាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌ ហើយ បញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីចាត់ការបន្តតាមនីតិវិធី។
ចំប៉ីខ្មៅ កាលពីយប់ថ្ងៃទី ៤ កុម្ភៈ នៅក្បែរព្រះបរមរាជវាំង ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌ ដូនពេញបាននិយាយលើហ្វេសប៊ុករបស់ខ្លួន៖ «ខ្ញុំជិះម៉ូតូតែខ្ញុំតែម្នាក់ឯងទេ ចុះហេតុអ្វីពួក អា ៣ នាក់ឈាមថោកនោះ មកខោកក្បាលខ្ញុំ ខ្ញុំអត់យល់ តើខ្ញុំបានធ្វើអ្វីខុសមែន ថ្ងៃហ្នឹង ខ្ញុំថា អត់ទ្រាំណាស់ តែ ៣ នាក់ហ្នឹងខោកក្បាលខ្ញុំឡើងពក»។
តាមមាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌចែងថា ៖ « អំពើញុះញង់ដោយផ្ទាល់ តាមមធ្យោបាយ ណាមួយ ដែលមានចែងក្នុងមាត្រា ៤៩៤ ស្តីពីលក្ខខណ្ឌអត្ថិភាពនៃការញុះញង់ នៃក្រម នេះឲ្យប្រព្រឹត្តការរើសអើង ការគុំកួន ឬហិង្សា ចំពោះបុគ្គលណាម្នាក់ឬក្រុមណាមួយ ដោយ មូលហេតុបុគ្គលនេះជាសមាជិកឬមិនមែនជាសមាជិកនៃជាតិពិន្ទុ ក្រុមជាតិ ពូជសាសន៍ ឬ នៃសាសនាណាមួយជាកំណត់នោះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ ឆ្នាំទៅ ៣ ឆ្នាំ និង ពិន័យជាប្រាក់ពី ២ លានរៀលទៅ ៦ លានរៀលប្រសិនបើការញុះញង់នេះ គ្មានប្រសិទ្ធ ភាពទេ៕