​ជនភៀសខ្លួន​ពី​អូស្ដ្រាលី​ដំបូង​គេ​៤​នាក់​មកដល់​កម្ពុជា​ព្រឹក​មិញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 June, 2015 ក+ ក-

​ភ្នំ​ពេ​ញ៖​ជនភៀសខ្លួន​មកពី​អូស្ដ្រាលី​៤​នាក់ កាលពី​ព្រឹក​មិញ​នេះ​បានធ្វើ​ដំណើរ​ទៅដល់​កម្ពុជា​ហើយ​តាម​ជើងហោះហើរ​របស់ម៉ាឡេស៊ី​ដែល​ចុះចត​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​។ សមត្ថកិច្ច​បាន​ប្រើ​មធ្យោបាយ​រថយន្ត​បិទ​ជិត​មិន​ចង់​ឲ្យ​បណ្តាញ​ព័ត៌មាន​ធ្វើការ​សម្ភាសន៍ និង​ថតរូប​ឡើយ​។​

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា ជនភៀសខ្លួន​ទាំងនោះ​ត្រូវ​អង្គការ​ទេសន្ដរប្រវេសន៍​អន្ដរជាតិ (IOM) នាំទៅ​កន្លែង​ស្នាក់នៅ​ដែល​គេ​មិនទាន់​បញ្ជាក់​អាសយដ្ឋាន​ទីតាំង​នៅឡើយ​។​ជនភៀសខ្លួន​ទាំងនេះ​៣​នាក់​ជា​ជនជាតិ​អ៊ីរ៉ង់ និង​ម្នាក់​ជា​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ពី​ភូមា​ដែល​បាន​សុខ​ចិ​ត្ដ​ធ្វើដំណើរ​មក​រស់នៅក្នុង​ប្រទេស​កម្ពុជា​។​

​ព័ត៌មា​ន​ពី​អូស្ត្រាលី បាន​ឲ្យ​ដឹងថា ពួកគេ​មិនបាន​និយាយ​ទៅកាន់​អ្នកកាសែត​ទេ ដោយ​មន្ដ្រី​អន្ដោប្រវេសន៍​អូស្ដ្រាលី​និយាយថា ជន​ទាំង​៤​នាក់​នេះ​មិន​ចង់​ឲ្យ​មាន​បញ្ហា​សុវត្ថិភាព​ដល់​ក្រុមគ្រួសារ​។ ប្រភព​បន្តថា ពួកគេ​ត្រូវ​អាជ្ញាធរ​ដឹក​ចេញពី​កោះ​ណា​រ៉ូ​ស្ងាត់ៗ​ប៉ុន្មាន​អាទិត្យ​មុននេះ ទៅកាន់​ក្រុង​ដា​រវិន​ដើម្បី​រង់ចាំ​ការធ្វើដំណើរ​បន្ដទៅ​កម្ពុជា​។​

គួររំលឹកថា កន្លងមក​កិច្ចព្រមព្រៀង​ជនភៀសខ្លួន​នេះ​បាន​រង​ការរិះគន់​ខ្លាំង​ពី​អង្គការសិទ្ធិមនុស្ស​ជាតិ និង​អន្ដរជាតិ រួមទាំង​បក្សប្រឆាំង​កម្ពុជា និង​អូស្ដ្រាលី ដោយ​គេ​លើកឡើងថា កម្ពុជា​គ្មាន​លទ្ធភាព​មើលថែទាំ​ជន​ទាំង​នោះទេ​។​

​ទោះជា​យ៉ាងនេះ​ក្តី ក្នុង​កិច្ចព្រមព្រៀង​រវាង​រដ្ឋា​ភិ​បាល​ទាំងពីរ ភាគី​អូស្ដ្រាលី​ជា​អ្នក​ចេញថ្លៃ​ចំណាយ​ទាំងអស់​លើ​ការតាំង​ទីលំនៅ​ជន ទាំងនោះ ដោយ​ផ្ដល់ប្រាក់​១៥.៥​លាន​ដុល្លារ​ទៅ​ឲ្យ​អង្គការ IOM សម្រាប់​គាំទ្រ​ដល់​ការបញ្ជូន​ជនភៀសខ្លួន​ទៅ​កម្ពុជា​រយៈពេល​១​ឆ្នាំ​។​

​ក្រោយមក រដ្ឋាភិបាល​អូស្ដ្រាលី បានសម្រេច​ផ្ដល់ប្រាក់​ជំនួយ​បន្ថែម​ប្រមាណ​៤០​លាន​ដុល្លារ​អូស្ដ្រាលី ទៀត​មកដល់​រាជរដ្ឋាភិបាល​កម្ពុជា​។​

មន្ត្រី​នាំពាក្យ​ក្រសួងមហាផ្ទៃ ខៀវ សុភ័គ មានប្រសាសន៍ថា ជនភៀស ខ្លួន​ទាំង ៤​នាក់ នោះ​ត្រូវបញ្ជូន​ភា្ល​មៗ​ទៅកាន់​កន្លែង​ស្នាក់​បណ្ដោះអាសន្ន ក្នុង​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​៕ ខេមរិន្ទ

gvcfr

hybgkl

អ្នកកាសែត​រង់ចាំ​ការធ្វើដំណើរ​មកដល់​នៃ​ជនភៀសខ្លួន​ពីអូស្ដ្រាលី​នៅ​ព្រលានយន្តហោះអន្តរជាតិភ្នំពេញ