ខេត្តកំពង់ឆ្នាំង ៖ មន្ត្រីយោធាម្នាក់សង្ស័យស្រវឹងស្រាបានដកកាំភ្លើងខ្លីបាញ់ឡើងលើចំនួន៣គ្រាប់ បណ្ដាលឲ្យភ្ញាក់ផ្អើលដល់ភ្ញៀវទេសចរណ៍ទឹកធ្លាក់ស្រែអំពិល ស្ថិតនៅក្នុងភូមិក្តុល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីរសៀលម្សិលមិញ។
តាមប្រភពព័ត៌មានពីដំបូងរបស់សមត្ថកិច្ចនគរបាលនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនកើតហេតុ គេឃើញយោធាខាងលើដែលគេស្គាល់ ឈ្មោះ រ៉េន រិទ្ធី ក្នុងស្ថានភាពស្រវឹងបានដកកាំភ្លើងខ្លី ម៉ាកកា៥៤ បាញ់ចំនួន៣គ្រាប់ ប៉ុន្តែផ្ទុះតែ៣គ្រាប់ ផ្អើលភ្ញៀវទេសចរណ៍ កំពុងកម្សាន្តលេងសប្បាយនឹងទឹកជ្រោះ បណ្ដាលឲ្យភ្ញៀវ ខ្លះរត់ឡើងគោក ខ្លះទៀតរត់ចូលរថយន្តយ៉ាងប្រញាប់បើកចេញពីតំបន់នោះជាបន្ទាន់។
ក្រោយពេលកើតហេតុសមត្ថកិច្ច រួមទាំងប្រជាការពារនិងសហគមន៍ទេសចរណ៍ការពារនៅកន្លែងកើតហេតុបានចាប់ឃាត់ខ្លួនជនបង្ករួចបញ្ជូនមកកាន់អធិការនគរបាលស្រុកទឹកផុស ដើម្បីក៏សាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការនគរបាលខេត្តបន្តចាត់ការបន្ត៕