ខេត្តកំពង់ស្ពឺ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការនគរបាលខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនបុរសម្នាក់ដែលគេស្គាល់ថា អ្នកគក់ជេដីដ៏ល្បីឈ្មោះមួយរូប និងឮតៗគ្នាថាជាឧកញ៉ាម្នាក់ផងដែរ ក្នុងទឹកដីឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
បុរសដែលត្រូវឃាត់ខ្លួនឈ្មោះ សូ សារឹម ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិអង្គ្រង ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
តាមសមត្ថកិច្ច បានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើង កាលពីព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចហាងកាហ្វេមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥១ ភូមិបែកថ្លាង ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល ។
សមត្ថកិច្ចបន្តទៀតថា ការឃាត់ខ្លួននេះធ្វើឡើងតាមដីកាបង្គាប់ឲ្យចូលខ្លួនរបស់លោក ខៃ សម្ផស្ស ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ស្ពឺ ពាក់ព័ន្ធសំណុំរឿងរំលោភលើទំនុកចិត្ត ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ ដែលជនសង្ស័យបានប្រព្រឹត្ត កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨ នៅភូមិរំលេច និងនៅភូមិតារា ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
សូមជម្រាបជូនថា ជនសង្ស័យឈ្មោះ សូ សារឹម ជាអ្នករកស៊ីគួកជេដី ត្រូវប្រជាពលរដ្ឋក្នុងមូលដ្ឋានអះអាងថា បានប្រកាសខ្លួនមានងារជា ឧកញ៉ា ប៉ុន្តែមិនដែលបានបង្ហាញឲ្យពលរដ្ឋឃើញ ព្រះរាជក្រឹត្យតែងតាំងងារជាឧកញ៉ារបស់បុគ្គលម្នាក់នេះទេ ។
ក្រៅពីសំណុំរឿង ដែលសមត្ថកិច្ចកំពុងចាប់ខ្លួន ជនសង្ស័យក៏នៅមានរឿងទិញដីប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំព្រះស្រែ ដោយគេចវេសមិនព្រមប្រគល់លុយឲ្យម្ចាស់ដីគ្រប់ចំនួន តែយកដីពលរដ្ឋទៅលក់បន្ត ជាច្រើនលើកច្រើនសារ និងមានអាជ្ញាធរមូលដ្ឋានមួយចំនួន ក៏មានការជាប់ពាក់ព័ន្ធ ក្នុងករណីទាំងអស់នេះដែរ។
ពាក់ព័ន្ធករណីចាប់ខ្លួនជនសង្ស័យ ជាអ្នករកស៊ីគក់ជេដី ដែលប្រកាសខ្លួនថា ជាឧកញ៉ា ឈ្មោះ សូ សារឹម សមត្ថកិច្ចបានបង្ហើបថា បច្ចុប្បន្ននគរបាលជំនាញកំពុងសាកសួរ និងកសាងសំណុំរឿងបញ្ជូនបន្តទៅតុលាការដើម្បីចាត់ការតាមច្បាប់ ៕