បន្ទាយមានជ័យ ៖ តុលាការខេត្តបន្ទាយមានជ័យ បានសម្រេចបិទទ្វារទាំងស្រុងខារ៉ាអូខេយីហោ “ឡាហ្វីរ៉ា” ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ក្រោយពីរកឃើញថា មានការបាញ់បោះ និងកាប់ចាក់រវាងមនុស្សពីរក្រុម(ចិនដូចគ្នា) បណ្តាលអោយមានអ្នករងរបួស។ ហេតុការណ៍នេះ បង្កឡើងនៅម៉ោង៤ទៀបភ្លឺ ព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយមនុស្សពីរក្រុម ក្រុមទី១ជាភ្ញៀវក្នុងខារ៉ាអូខេ និងក្រុមទី២ បង្កមកពីខាងក្រៅ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ករណីផ្ទុះអាវុធដែលកើតឡើងរវាងស្ទាវ ២ក្រុម បង្កឡើងដោយជនជាតិចិនដូចគ្នា ដែលធ្វើអោយមានជនជាតិចិនម្នាក់រងរបួសធ្ងន់ ដោយសារការបាញ់ និងវាយប្រហារពីក្រុមម្ខាងទៀតរបួសត្រង់ភ្លៅខាងស្តាំ ក៏ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជន។
យោងតាមសម្តីអ្នកឃើញហេតុការណ៍ បាននិយាយថា មុនពេលកើតហេតុ គេឃើញមនុស្សមួយក្រុម មានគ្នាយ៉ាងតិច៨នាក់ ប្រដាប់ដោយអាវុធ ដំបង កាំបិតគ្រប់ដៃ ខ្លះបិទមុខ ដឹកដោយរថយន្តទូរីសមួយគ្រឿង បានសម្រុកចូលទៅក្នុងខារ៉ាអូខេខាងលើ ហើយបានធ្វើសកម្មភាពវាយទាត់ធាក់ កាប់និងបាញ់ទៅលើមនុស្សមួយក្រុម ដែលកំពុងស្ថិតក្នុងខារ៉ាអូខេនោះ បណ្តាលបុរសម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ។
ក្រោយបង្កហេតុ កម្លាំងអាវុធហត្ថបានចុះទៅដល់កន្លែងកើតហេតុ ហើយឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ភ្លាមៗ ១.ឈ្មោះ Wen Lin ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិចិន ២.ឈ្មោះ លីវ ហាវ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន ៣.ឈ្មោះ សុខ ស៊ុសាក់ ភេទប្រុស អាយុ៦២ឆ្នាំ ជនជាតិខ្មែរ។ បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតក្រោមការសួរនាំរបស់សមត្ថកិច្ចអាវុធហត្ថក្រុងប៉ោយប៉ែត។
ទោះជាយ៉ាងណាក៏ដោយ ក្នុងការឆែកឆេរនោះ មិនទាន់រកឃើញមូលហេតុអ្វីនោះទេ ព្រោះខាងម្ចាស់ខារ៉ាអូខេ ដែលគេស្គាល់ថា ជាមន្ត្រីកងរាជអាវុធហត្ថ បានបញ្ជាអោយកូនចៅកាត់ផ្តាច់ប្រព័ន្ធកាមរ៉ាសុវត្ថិភាព ហើយមិនព្រមប្រគល់អង្គចងចាំ (Memory) អោយសមត្ថកិច្ចអាវុធហត្ថនិងព្រះរាជអាជ្ញា ដែលមានភារកិច្ចចុះអង្កេត បំបែកសំណុំរឿងនេះឡើយ៕