ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាត បានបញ្ជាក់នាព្រឹកថ្ងៃទី១១ ខែកុម្ភៈថា ក្នុងឆ្នាំ២០១៩នេះ លោកមិនបាននិយាយអំពីគម្រោងបាញ់បង្ហោះប្រព័ន្ធផ្កាយរណបរបស់កម្ពុជាជាមួយសារព័ត៌មាន ឬនៅក្នុងវេទិកាណាមួយឡើយ។
លោកបានថា «ខ្ញុំមានការងឿងឆ្ងល់បន្តិចដែរ ដែលឃើញសារព័ត៌មានមួយចំនួន បានចុះផ្សាយបន្តគ្នាថា ខ្ញុំបានធ្វើអត្ថាធិប្បាយទាក់ទងនឹងគម្រោងបង្ហោះប្រព័ន្ធផ្កាយរណបរបស់កម្ពុជា នាថ្មីៗនេះ។ ទោះបីជារឿងនេះ ជារឿងវិជ្ជមានក៏ពិតមែន ប៉ុន្តែខ្ញុំសូមស្នើឱ្យសារព័ត៌មានមួយចំនួននោះ ធ្វើការកែតម្រូវឡើងវិញ»។
លោកបន្ដថា ទោះបីជារឿងនេះជារឿងវិជ្ជមានក៏ពិតមែន ប៉ុន្តែនាយឧត្ដមសេនីយ៍ សូមស្នើឱ្យសារព័ត៌មានមួយចំនួននោះ ធ្វើការកែតម្រូវឡើងវិញ ដែលរូបនាយឧត្ដមសេនីយ៍ផ្ទាល់ ក្នុងឆ្នាំ២០១៩នេះ មិនដែលបាននិយាយ អំពីរឿងនេះជាមួយសារព័ត៌មាន ឬនៅក្នុង វេទិកាណាមួយទាល់តែសោះ។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា យល់ថា អ្នកសារព័ត៌មានដែលសរសេរ រឿងនេះអាចទំនងមានការភាន់ច្រឡំចំពោះ ប្រភពដែលផ្តល់ព័ត៌មានខាងលើនេះ។
សូមជម្រាបថា ការប្រកាសបដិសេធនេះ ធ្វើឡើងបន្ទាប់ពីសារព័ត៌មាន ក្នុងស្រុកមួយចុះផ្សាយថា នៅប៉ុន្មានឆ្នាំខាងមុខនេះ ប្រទេសកម្ពុជា មានគម្រោងបាញ់បង្ហោះប្រព័ន្ធផ្កាយរណប ដើម្បីសម្រួលដល់ការគ្រប់គ្រង ខាងផ្នែកសន្តិសុខជាតិ សណ្តាប់ធ្នាប់ និងការគ្រប់គ្រងនូវ សន្តិសុខតាម បណ្តោយព្រំដែនជាមួយបណ្តាប្រទេសជិតខាង៕