អាជ្ញាធរខេត្តកំពង់ចាមបើកកិច្ចប្រជុំបូកកាងារប្រចាំខែ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 February, 2019 ក+ ក-

កំពង់ចាម ៖ នារសៀលថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០១៩ លោក គួច ចំរើន អភិបាលខេត្តកំពង់ ចាម អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែរបស់រដ្ឋបាលខេត្ត ដែលមានការអញ្ជើញចូលរួមពីសំណា ក់លោក អភិបាលរងខេត្ត ប្រធាន-អនុប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត លោក-លោកស្រីអភិ បាល អភិបាលរងក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធមួយចំនួនផងដែរ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនោះ លោក បានលើកឡើងថាការប្រជុំនេះ ធ្វើឡើងជាលើកដំបូងក្នុងឆ្នាំ២០១៩ ដោយក្នុងកិច្ចប្រជុំមានរបៀបវារៈជាច្រើនដែលយើងត្រូវធ្វើការផ្សព្វផ្សាយ និងដោះស្រាយក្នុងកិច្ចការចាំបាច់ នានា ក្នុងដំណាក់កាលនេះ របៀបវារៈទាំងនោះ រួមមាន៖
១.ការបង្ហាញពីការ អនុវត្តន៍ កម្មវិធីវិនិយោគបីឆ្នាំរំកិល។
២.របាយការណ៍ របស់សាខាពន្ធដារស្ដីពីការប្រមូលពន្ធប្រចាំឆ្នាំ ២០១៨ ។
៣.របាយការណ៍ស្ដីពីការផ្ទេរសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋប្រចាំឆ្នាំ ២០១៨ ។
៤.ការចូលរួមមតិយោបល់របស់លោក-លោកស្រីអភិបាល-អភិបាលរងស្រុក-ក្រុងពាក់ព័ន្ធនិងការផ្ទេរកម្មសិទ្ធិដីធ្លីទៅតាមបណ្ដាស្រុក-ក្រុងរបស់ខ្លួនក្នុងឆ្នាំ ២០១៨។

លោក បានបន្ថែមទៀតថា យើងមានទួនាទីយ៉ាងសំខាន់សម្រាប់ដោះស្រាយរាល់ការលំបាករបស់ប្រជាពលរដ្ឋ ជាពិសេសត្រូវស្វែងរកចំណុចខ្លាំង និងចំណុចខ្សោយក្នុងការផ្តល់សេវាសា ធារណៈជូនបងប្អូនប្រជាពលរដ្ឋ ដែលនេះគឺជារឿងចាំបាច់បំផុតរបស់យើងក្នុងនាមជាអ្នកផ្តល់សេវាកម្មជូនពួកគាត់។

លោក បានផ្តាំផ្ញើដល់អង្គពិធីទាំងមូលត្រូវខិតខំប្រមូលព័ត៌មានតម្រូវការរបស់ប្រជាពលរដ្ឋ និងលើកឡើងជាមតិ យោបល់ល្អៗ ដើម្បីជាគន្លឹះសម្រាប់យកទៅអនុវត្តទៅតាមមូលដ្ឋានរបស់ខ្លួនអោយមានប្រសិទ្ធភាពខ្ពស់បំផុត។