បាត់ដំបង ៖ កងរាជអាវុធហត្ថខេត្តបាត់ដំបង នៅវេលាម៉ោង ១១ព្រឹក នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១ បានចុះបង្ក្រាបគ្រឿងញៀនមួយករណី ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ (ស្រី២នាក់) ត្រង់ចំណុចក្រុមទី៨ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង និងដកហូតវត្ថុតាង ថ្នាំញៀនសរុបទម្ងន់ ១៥,៨គីឡូក្រាម ក្នុងនោះ ៖
ប្រភេទថ្នាំញៀនម្សៅក្រាមពណ៌សថ្លារឹង (ទឹកកក) មានទម្ងន់ ៩,៧០ គីឡូក្រាម និងថ្នាំគ្រាប់ ប្រភេទ (WY) ទម្ងន់ ៦,១០ គីឡូក្រាម។
គួររំលឹកថា ជារឿយៗ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស តែងបានដាក់បញ្ជាឲ្យអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ និងជាប្រចាំ ដើម្បីបង្ការ បង្រ្កាប និងសង្រ្គោះ ពិសេសយកចិត្តទុកដាក់លើបញ្ហាភូមិ/ឃុំ មានសុវត្ថិភាព ជូនប្រជាពលរដ្ឋ។
បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ ត្រូវបានមន្ត្រីជំនាញនៃកងរាជអាវុធហត្ថខេត្តបាត់ដំបង កសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការបន្តតាមនីតិវិធី៕ ដោយ ៖ សុផល