ខេត្តស្វាយរៀង ៖ ដំណាំអំពៅស្ករប្រមាណ ៨៣ហិកតា របស់ក្រុមហ៊ុនចំនួន២ ស្ថិតក្នុងឃុំគគីរសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង ត្រូវភ្លើងឆេះស្ទើរទាំងស្រុង កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ មិនទាន់ដឹងមូលហេតុនៅឡើយ។
ម្ចាស់ចម្ការអំពៅម្នាក់ឈ្មោះ កុយ សារ៉េន បានឲ្យដឹងថា មុនពេលមានភ្លើងឆេះគេឃើញមានកម្មករកំពុងកាប់អំពៅ និងមានម៉ាស៊ីនច្រូតក៏កំពុងតែច្រូតផងដែរ ហើយស្រាប់តែ មានអណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅហុយផ្សែងខ្មួលខ្មាញ់ នាំស្លឹកអំពៅសែលឆេះហោះរាយប៉ាយលើអាកាសពិបាកគ្រប់គ្រង។
លោកបន្តថា ខណៈភ្លើងកំពុងឆេះនោះ ក្រុមកម្មករនាំគ្នារត់មកការដ្ឋាន ដើម្បីមកយកត្រាក់ទ័រភ្ជួរកាត់ផ្តាច់ចម្ការអំពៅជាកំណាត់ៗ និងបាញ់ទឹកដែរ ប៉ុន្តែមិនបានជោគជ័យនោះទេ ដោយសារឆេះលឿនពេកកម្មករស្ទើររត់ពុំរួចផង។ ។ បើតាមការប៉ាន់ប្រមាណដំណាំអំពៅរបស់លោកឆេះអស់ចំនួន ៥៨ហិកតា និងក្រុមហ៊ុន សុផាត សំណាង អស់ចំនួន ២៦ហិកតាផងដែរ។
សមត្ថកិច្ចបញ្ជាក់ថា ភ្លើងរលត់ទៅវិញនៅម៉ោង ២:២០នាទីរសៀលថ្ងៃដដែល និងកំពុងធ្វើការស្រាវជ្រាវពីមូលហេតុដែលនាំឲ្យកើតមានអគ្គិភ័យ៕