ក្រសួង ស្នើឲ្យតុលាការពន្លឿនការកាត់ក្តី ព្រោះអ្នកកំពុងជាប់ឃុំចង្អៀតណែន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 February, 2019 ក+ ក-

ភ្នំពេញ ៖ បច្ចុប្បន្នមានអ្នកជាប់ពន្ធនាគារនៅទូទាំងប្រទេសប្រហែល ៣ម៉ឺន ១ពាន់នាក់ ហើយ ក្នុងចំនួននេះ ភាគច្រើនជាអ្នកជាប់ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន ប្រហែលជិត ២ ភាគ ៣ នៃចំនួនសរុប។

ជាមួយគ្នានេះក្រសួងមហាផ្ទៃ បានសហការជាមួយស្ថាប័នតុលាការ តែមិនហ៊ាននិយាយថា ជម្រុញឲ្យគាត់ត្រូវតែកាត់ក្តីនោះ ទេ តែយើងស្នើឲ្យកាត់ពន្លឿនការកាត់ក្តី ព្រោះបើមិនអ៊ីចឹងទេ ឃើញថាវាសល់ច្រើននូវចំនួន អ្នកជាប់ឃុំដែលពុំទាន់ត្រូវបានកាត់ក្តី នោះហើយគឺជាបញ្ហា ដែលនឹងនាំឲ្យយើងមានការប្រជុំ ពិសេសដាច់ដោយឡែកមួយទៀតទាក់ទងនឹងកិច្ចការនេះ។នេះជាការលើកឡើងរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងពិធីបើកសន្និបាតបូក សរុបការងារឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩ របស់ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៣ កុម្ភៈនេះ។

ជាមួយគ្នានេះសម្តេចក្រឡាហោម ស ខេង ក៏បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងជា ទូទៅរបស់ក្រសួងមហាផ្ទៃនាពេលកន្លងទៅផងដែរ ដោយសម្តេចបានគូសបញ្ជាក់ថា ឆ្នាំ ២០១៨ គឺជាឆ្នាំដែលក្រសួងមហាផ្ទៃកាន់តែមានភាពមមាញឹកក្នុងការពង្រឹងតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួន ដើម្បីចូលរួមអនុវត្តដោយជោគជ័យនូវកម្មវិធីនយោបាយ និង យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៥ នៃរដ្ឋ សភា។

សម្តេចថា ផ្អែកលើមូលដ្ឋាននៃសមិទ្ធផលដែលសម្រេចបានក្នុងការអនុវត្តកម្មវិធី កំណែទម្រង់នានារបស់រាជរដ្ឋាភិបាលឆ្នាំ២០១៨កន្លងទៅនេះ កម្ពុជានៅតែបន្តរក្សាបាននូវ សន្តិភាព សន្តិសុខផ្ទៃក្នុងជាតិ និងកំណើនសេដ្ឋកិច្ចខ្ពស់ ទោះបីសភាពការណ៍សន្តិសុខតំបន់ និងពិភពលោកមានការវិវត្តប្រែប្រួលស្មុគស្មាញ ហើយសេដ្ឋកិច្ចសកលមានភាពមិនទៀងទាត់ យ៉ាងណាក៏ដោយចុះ៕