ឯកសារស្រាវជ្រាវស្តីពី ជំងឺឆ្កែឆ្កួត ឆ្លងមកលើមនុស្ស
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 February, 2019 ក+ ក-

សុខភាព ៖ ជំងឺឆ្កែឆ្កួត គឺជាជំងឺមួយប្រភេទដែលបង្កឡើងដោយវីរុស ដែលឆ្លងមកមនុស្សតាមរយៈទឹកមាត់ក្រោយពីការខាំ ក្រចៅ ឬខ្វាច ដែលបង្កឡើងដោយសត្វដែលមានផ្ទុកជំងឺឆ្កែឆ្កួត។ ជំងឺនេះ គឺជាជំងឺដ៏កាចសាហាវមួយដែលអាចបង្កឲ្យស្លាប់ ប្រសិនបើអ្នកមិនបានព្យាបាលទាន់ពេលវេលា។

តើរោគសញ្ញារបស់មនុស្សដែលផ្ទុកជំងឺឆ្កែឆ្កួតមានអ្វីខ្លះ ?
១) មានអារម្មណ៍ឈឺ ដូចជាជំងឺគ្រុនផ្ដាសាយ មានអារម្មណ៍មិនសូ​វឃ្លានអាហារ ដោយមានរោគសញ្ញាដូចជាគ្រុន ឈឺក្បាល ឈឺបំពង់ក និងក្អួតចង្អោរជាដើម។
២) មានអាកប្បកិរិយាឆាប់មួរម៉ៅ រំភើប និងមានសកម្មភាពខុសប្លែកពីមនុស្សធម្មតា។
៣) មានការឈឺចាប់​នៅលើស្បែក។
៤) ខ្លាចទឹក និងឆាប់ឈ្លក់ ទឹកជាដើម។
៥) មានអាការទន់ដៃទន់ជើង ហើយថែមទាំងមានរាកនោមទៀត ផង។

រោគសញ្ញារបស់សត្វដែលផ្ទុកជំងឺឆ្កែឆ្កួតមានដូចជា ៖
១) ខាំមនុស្ស និងសត្វដទៃ
២) ចេញមកក្រៅនាពេលថ្ងៃ ដូចជាសត្វប្រជៀវចេញមកក្រៅនាពេលថ្ងៃ ខណៈសត្វនេះតែងតែចេញរកចំណីនៅពេលយប់។

ជំងឺឆ្កែឆ្កួតអាចព្យាបាលតាមវិធីណា ?
នៅពេលដែលជំងឺនេះចាប់ផ្ដើមចេញរោគសញ្ញា ពិបាករកការព្យាបាលណាស់។ មនុស្សភាគច្រើន ដែលមានរោគសញ្ញាជំងឺឆ្កែឆ្កួត ប្រឈមមុខនឹងការស្លាប់តែម្ដង។ ដូចនេះ ការការពារ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់។  ប្រសិនបើអ្នកគិតថា អ្នកមានការប្រឈមទៅនឹងជំងឺប្រភេទនេះ សូមប្រញាប់ប្រញាល់ស្វែងរកការព្យាបាលជាបន្ទាន់ ដើម្បីការពារកុំឲ្យមេរោគឆ្លងចូលទៅក្នុងខ្លួនប្រាណ និងខួរក្បាលរបស់អ្នកដែលបង្កជារោគសញ្ញាដូចខាងលើ។

ប្រសិនបើអ្នកមានរោគសញ្ញាជំងឺនេះ វេជ្ជបណ្ឌិតអាចធ្វើការព្យាបាលឲ្យធូរស្រាលបាន(មិនជាដាច់ទេ) ដោយអ្នកអាចស្វែងរកការព្យាបាលនៅតាមមន្ទីរពេទ្យនានាបាន។ ការព្យាបាល គឺជួយកាត់បន្ថយការឈឺចាប់ និងសម្រួលការដកដង្ហើម។

តើយើងអាចការពារជំងឺឆ្កែឆ្កួតតាមវិធីណាខ្លះ ?
ប្រសិនបើអ្នកត្រូវសត្វខាំ ក្រចៅឬខ្វាច អ្នកត្រូវធ្វើរឿងទាំងនេះជាបន្ទាន់៖
១) លាងសម្អាតកន្លែងរបួសជាមួយនឹងសាប៊ូ និងទឹកស្អាត
២) ប្រញាប់ទៅកាន់មន្ទីរពេទ្យ ដើម្បីរកការព្យាបាល
៣) ប្រសិនបើអ្នកមានសត្វចិញ្ចឹម សូមយកទៅចាក់ថ្នាំបង្ហារជំងឺឆ្កែឆ្កួតជាប្រចាំ
៤) កុំប៉ះពាល់សត្វផ្ដេសផ្ដាស បើទោះបីវាដូចជាស្លាប់ក៏ដោយ។

ជំងឺឆ្កែឆ្កួត

ជំងឺឆ្កែឆ្កួតគឺជាជម្ងឺឆ្លងដែលបង្កពីវីរុស រ៉ាបិក បណ្ដាលឲ្យមានកាឲ្យមានការរលាកខួរក្បាលយ៉ាងធ្ងន់ធ្ងរដល់មនុស្ស និងពពួកសត្វដែលមានឈាមក្ដៅផ្សេងៗទៀត

អាការៈរោគដំបូងៗអាចមានជាអាទិ៍ ៖
– ក្ដៅខ្លួន និងឈឺឆៀបៗនៅត្រង់កន្លែងដែលមុត។
– ចលនាដោយបង្ខំ
– ឥរិយាបថសប្បាយលីលា
– ខ្លាចទឹក
– មិនអាចកម្រើកផ្នែកណាមួយនៃរាងកាយបាន
– វង្វេងវង្វាន់ និងការបាត់បង់ស្មារតី
– ឡប់ៗលែងដឹងខុសត្រូវ

*** បន្ទាប់ពីរោគសញ្ញានានាបានលេចឡើងហើយនោះ ជានិច្ចកាល ភាគច្រើននៃជំងឺឆ្កែឆ្កួតបណ្ដាលឲ្យស្លាប់បាត់បង់អាយុជីវិត។

រយៈពេលនៃការកកើតជំងឺ និងការចាប់ផ្ដើមចេញរោគសញ្ញា តាមធម្មតា គឺ  ៖
– មានចាប់ពីមួយទៅបីខែ
– អាចប្រែប្រួលពីក្រោមមួយសប្ដាហ៍រហូតដល់ជាងមួយឆ្នាំ
– រយៈពេលនេះអាស្រ័យលើចម្ងាយដែលមេរោគតមេរោគតត្រូវតែចូលទៅដល់ប្រព័ន្ធសរសៃប្រសាទកណ្ដាល
ប្រសិនបើអ្នកត្រូវសត្វខាំ ឬក្រចៅ សូមទៅជួបវេជ្ជបណ្ឌិត ដើម្បីទទួលការពិនិត្យ ព្យាបាល និង ចាក់វ៉ាក់សាំងអោយបានត្រឹមត្រូវ នឹងឲ្យបានទៀតទាត់៕