ភ្នំពេញ ៖ ឆ្នាំ២០១៩ នេះ ប្រទេសវៀតណាម បានសម្រេចថា មិនយកពន្ធលើអង្ករនាំចូលពីកម្ពុជាក្នុងកូតា ៣០ម៉ឺនតោន រួមនិងថ្នាំជក់ ៣ពាន់តោន ក្នុងទីផ្សារប្រទេសវៀតណាម ខណៈដែលប្រទេសទាំងពីរកំពុងជុះរុញញទំហំពាណិជ្ជកម្មទ្វេភាគីអោយកើនដល់ ៥ពាន់លានដុល្លារអាមេរិក នាឆ្នាំ២០២០ ខាងមុខ។
ក្នុងជំនួបរវាង លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជាមួយប្រតិភូក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនៃប្រទេសវៀតណាម ដឹកនាំដោយលោក ដូ វឹកហឹង (Do Quoc Hung) កាលពីល្ងាចថ្ងៃទី១៣ កុម្ភៈ ឆ្នាំ២០១៩ បានបង្ហាញថា ភាគីវៀតណាម បានឯកភាពផ្តល់ភាពអនុគ្រោះពន្ធអត្រា០ភាគរយ សម្រាប់ទំនិញកម្ពុជាចំនួន៣២បន្ទាត់ពន្ធគយ រួមជាមួយកូតានាំចូលអង្ករចំនួន៣០ម៉ឺនតោន និងសន្លឹកថ្នាំជក់៣ពាន់តោន សម្រាប់ឆ្នាំ២០១៩ និងឆ្នាំ២០២០។ រីឯភាគីកម្ពុជា ក៏សម្រេចផ្តល់ភាពអនុគ្រោះពន្ធអត្រា០% ដល់ទំនិញវៀតណាមចំនួន២៦បន្ទាត់ពន្ធគយផងដែរ។
ស្របទៅនឹងសញ្ញាវិជ្ជមាននៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីនេះ លោក ប៉ាន សូរស័ក្តិ បានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងចរចា របស់គណៈប្រតិភូមន្ត្រីជាន់ខ្ពស់ នៃប្រទេសទាំងពីរនាពេលកន្លងមក ជាពិសេសការសម្រេចបាននូវឯកសារ ស្តីពីកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្ម នៅតាមបន្ទាត់ព្រំដែន សម្រាប់ធ្វើការចុះហត្ថលេខា នៅក្នុងពេលឆាប់ៗខាងមុខ។
ក្នុងនោះដែរ រដ្ឋាភិបាលវៀតណាម បានផ្តល់ជំនួយឥតសំណង សម្រាប់សាងសង់ផ្សារដារនៅក្នុងខេត្តត្បូងឃ្មុំ ដែលស្ថិតនៅតំបន់ព្រំដែនរវាងប្រទេសទាំងពីរ។
គួរកត់សំគាល់ដែរថា ប្រទេសទាំងពីរ កំពុងជម្រុញផែនការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី អោយកើនឡើងដល់៥ពាន់លានដុល្លារ អាមេរិក
នាឆ្នាំ២០២០ខាងមុខ ដោយភាគី កម្ពុជា និងវៀតណាម បានចុះកិច្ចព្រមព្រៀងយោគយល់គ្នាលើវិស័យជាច្រើន ជាពិសេសភាគីទាំងពីក៏បានយល់ព្រម ជៀងវាសការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពាក់ព័ន្ធនិងពន្ធលើប្រាក់ចំណូល ដែលចុះហត្ថាលេខាកាលពីថ្ងៃទី៣១ មីនា ឆ្នាំ២០១៨ កន្លងទៅផងដែរ។
កាលពីឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម សម្រេចបានគិតជាទឹកប្រាក់៣ពាន់៨រយលានដុល្លារអាមេរិក គឺកើនឡើង២៩% ធៀបនឹងឆ្នាំ២០១៦។ ទន្ទឹមគ្នានេះ តាមរយៈគម្រោងវិនិយោគចំនួន២០៦គម្រោង ដែលមានតម្លៃជាទឹកប្រាក់ប្រមាណ ៣ពាន់២រយលានដុល្លារ បានធ្វើឱ្យវៀតណាមក្លាយជាដៃគូវិនិយោគធំទី៥របស់កម្ពុជា ខណៈក្រុមហ៊ុនរបស់កម្ពុជា បានវិនិយោគត្រឹមតែ១៨គម្រោង នៅក្នុងប្រទេសវៀតណាម ដែលតម្លៃជាទឹកប្រាក់ជាង៥៨លានដុល្លារអាមេរិកប៉ុណ្ណោះ៕