កណ្តាល ៖ សត្វគោ ឈ្មោលមួយក្បាល ក្នុងចំណោមគោ៥ក្បាល ដែលម្ចាស់ទុកក្នុងក្រោល ត្រូវបានចោរលួចដឹកចេញទាំងយប់ នាំយកទៅសម្លាប់ពន្លះយកសាច់ភ្លៅ និងសាច់សំខាន់ៗដែលងាយៗលះយកទៅលក់ រួចទុកគ្រោងឆ្អឹងចោលដ៏គួរឲ្យតភ្ញាក់ផ្អើល ។
ហេតុការណ៍នេះត្រូវបានគេប្រទះឃើញកាលពីម៉ោងជិត ៨ព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចគម្ពោតព្រៃ ភូមិកណ្តាល ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះម្ចាស់ផ្ទះ ឈ្មោះកុយ សារី ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរកសិករ រស់នៅភូមិបឹងគ្រើល សង្កាត់ឪឡោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានបន្តថា មុនពេលកើតហេតុមានប្រជាពលរដ្ឋម្នាក់ឈ្មោះ ស៊ុម សំណាង ភេទប្រុស អាយុ៤៦ឆ្នាំនៅ ភូមិឈូកធំ ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល បានដើរទៅវាលស្រែ ចំណុចកើតហេតុ ក៏បានប្រទះឃើញសត្វគោដែលគេសម្លាប់រួចពន្លះយកសាច់ភ្លៅ ខាងឆ្វេងម្ខាង និងសាច់ចំឡក ១ចំហៀងខ្លួន យកទៅលក់បាត់ បន្សល់ទុកទាំងសាច់ឈាមស្រស់ញញឹមនៅចោលកណ្តាលវាលស្រែដ៏ គួរឲ្យភ្ញាក់ផ្អើល។
ម្ចាស់គោបានប្រាប់ឲ្យដឹងថា កាលពីល្ងាចថ្ងៃទី១៣ ខែកុម្ភៈនេះ គាត់បានដឹកគោចំនួន៥ក្បាល ចូលក្រោលហើយគាត់បានឡើងទៅដេកនៅលើផ្ទះ លុះព្រឹកឡើងគាត់ ចុះពីលើផ្ទះទើបដឹងថា បាត់គោលឈ្មួល១ក្បាល ស ហើយគាត់ និងក្រុមគ្រួសារបានដើររកមិនឃើញ លុះបន្តិចក្រោយមក
ទើបដឹងថា មានគេលួចដឹកសត្វគោនោះយកទៅសម្លាប់យកសាច់ ក៏នាំគ្នាទៅមើលទើបដឹងថា ជាគោរបស់ខ្លួន ។ ក្រោយមកបានដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយស្វែងរកជនខិលខូចទាំងនោះនាំយកមកផ្តន្ទាទោសឲ្យសមនឹងទង្វើដែលគេបានប្រព្រឹត្ត៕ ដោយ ៖ សុផល